ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩)។ ពិធីអបអរសាទរខួបលើកទី ២០ឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើន និងនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនដែលបានបង្ហាញក្នុងពិធីអបអរនេះយ៉ាងអាធិកអធម។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការីកធំធាត់នៃកម្លាំងកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តម នាយឧត្តមសនីយ៍ មាស សុភា ដែលបានចូលរួមក្នុងសកម្មភាពនៃកងទ័ពជើងគោកកន្លងមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីប្រវត្តិកម្ពុជានៃការបង្កើតកងយោធពលខេមរភូមិន្ទ ដែលបានបង្កើតក្រោយពីកម្ពុជាទទួលបានឯករាជ្យពេញលេញបរិបូរនៅឆ្នាំ១៩៥៣ ហើយកងកម្លាំងយោធពលខេមរភូមិន្ទក៏បានបង្កើតឡើងនៅថ្ងៃទី៩ ខែវិឆ្ឆិការ ឆ្នាំ១៩៥៣ នោះតែម្តង។
ក្រោយុពីកម្ពុជាទទួលបានឯករាជ្យ គឺប្រទេសជាតិបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលជាបន្តបន្ទាប់រួមទាំងរបបប្រល័យពូជសាសន៍ប៉ុលពត នៅឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្រោពីកម្ពុជាបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ គឺបានធ្វើប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ហើយការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងកងទ័ព ក៏បានកំណែទម្រង់ជាបន្តបន្ទាប់រួមទាំងការៀបចំបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៩ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី ព្រមទាំងការពារផលប្រយោជន៍របស់ប្រទេសជាតិ ចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមចំណែកពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើន នៃការងាបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារជាតិ និងរួមការអភិវឌ្ឍន៍សង្គមជាតិផងដែរ។ បច្ចុប្បន្នយើងមានបញ្ជាការដ្ឋានសំខាន់ៗដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋាកងទ័ពជើងអាកាស។
ក្នុងឱកាសនេះ ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឲ្យកាន់តែមានភាពល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗចំនួន១០ចំនុចរួមមាន៖
១) ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន។
២) ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀតដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើរអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព។
៣) ខិតខំប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម ទប់ស្កាត់អំពើរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តព័ណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា។
៤) កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រខ្វះខាត កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង។
៥) កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា។
៦) គាំទ្រការប្រមូលចំណូលថិវការជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើរពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនដល់ចំណូលជាតិ ។
៧) ខិតខំបង្កើនវិន័យកងទ័ពឲ្យបានខ្ជាប់ខ្ជួន ជាពិសេសពេលដែលយើងមានឧបករណ៍សម្ភារគ្រប់គ្រាន់ហើយ តែបែរជាយើងមិនចេះប្រើប្រាស់ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណដើម្បីរក្សាសុខភាព។
៨) ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈដែលយើងមាន ដើម្បីធានាថាអាវុធរបស់យើងនៅតែអាចប្រើប្រាស់បាននៅពេលដែលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារៈយុទ្ឋភ័ណ្ឌរបស់របស់ខ្លួនឲ្យបានល្អ ដើម្បីធានាថាអាវុធយើងប្រើប្រាស់បានចំគោលដៅនៅពេលត្រូវការ។
៩)យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជំរកស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេសត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។
១០)កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំណាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទងនិងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗជាមួយយកងទ័ពនៃបណ្រាលប្រទេសនានា។
នៅក្នុងឱកាសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសជូនដល់អង្គភាព និងនាយទាហាន និងពលទាហានជាច្រើនរូប ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិកន្លងមកនៅក្នុងបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕
ដោយ៖ សុខ ខេមរា