ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់ឱសានវាត ២អាទិត្យ ចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយខុសច្បាប់អមសងខាងបណ្តោយផ្លូវជាតិលេខ១។ ការកំណត់ពេលវេលាអោយអ្នករំលោភចិញ្ចើមផ្លូវធ្វើការុះរើចេញនេះធ្វើឡើង ខណៈ អភិបាលរងខណ្ឌច្បារអំពៅ លោក រស់ សុភ័ក្ត បានបន្ដចុះផ្សព្វ ផ្សាយ ទៅប្រជាពលរដ្ឋកាលពីថ្ងៃព្រហស្បតិ៏ ៤រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ មករា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាលដើម្បីផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋមានទីលំនៅអមតាមបណ្តោយផ្លូវជាតិលេខមួយចាប់ពីចំណុចសង្កាត់ វាលស្បូវ។
លោក រស់ សុភ័ក្ត បានបន្តអោយដឹងថា៖ ការចុះផ្សព្វផ្សាយជូនដំណឹងនៅព្រឹកនេះក៏មានការធ្វើកំណត់ហេតុដើម្បីអោយអ្នកដែលរំលោភយកចិញ្ចើមផ្លូវដោយខុសច្បាប់ធ្វើការផ្តិតមេដៃទទួលដឹងលឺដោយទុករយៈពេល២អាទិត្យដើម្បីធ្វើការរុះរើទីតាំងសាងសង់និងតូបដាក់លក់រួមទាំងការតសំយ៉ាប់និងផ្ទាំងស្លាកយ៉ីហោផ្សេងៗចេញផងដែរ។
លោកបន្តថា៖ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌនិងមានវិធានការ រដ្ឋបាលចំពោះអ្នក រំលោភចិញ្ចើមផ្លូវដោយខុសច្បាប់នៅក្រោយឱសានវាតចូលមកដល់ ដោយគ្មានការលើកលែងឡើង។ ជាមួយគ្នានោះផងដែរលោក រស់ សុភ័ក្ត ក៏បានសំណូមពរអោយប្រជាពលរដ្ឋ ដែលតែងតែរំលោភយកចិញ្ចើមផ្លូវសាធារណៈ ចូលរួមសហការជាមួយអាជ្ញាធរ ធ្វើការរុះរើ ដោយស្ម័គ្រចិត្ត ដើម្បីសោភណ្ឌភាពទីក្រុង និងចូលរួមក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកអភិបាលរងខណ្ឌបានបន្ថែមអោយ ដឹងថាក្នុងនាមជាអាជ្ញាធរនិងបន្តអនុវត្តវិធានការនេះជារៀងរហូតដរាបណាអាចរំដោះ យកចិញ្ចើមផ្លូវអមបណ្តោយផ្លូវជាតិលេខ១មកវិញទាំងស្រុង។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ធ្នូថ្មីៗនេះបានចេញសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីដោយទុករយៈពេលមួយខែដើម្បីអោយម្ចាស់ទីតាំង ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឺះស្ថានអប់រំ អគារសាធារណៈវិស័យឯកជន អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការកែសំរួលទីតាំងរបស់ខ្លួនអោយបានត្រឹមត្រូវតាមខ្លឹមសារខាងលើ ក្នុងសេចក្តីណែនាំក៏បានអោយដឹងទៀតថាក្នុងករណីដែលម្ចាស់ទីតាំងមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការបិទអាជីវកម្មក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន៕