ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅក្នុងសាលាបឋមសិក្សាព្រែកព្នៅ និងសាលាបឋមសិក្សាភូមិឌួង ដែលជាច្រើនខែមកហើយពុំមានដំណោះស្រាយនោះទេ និងបញ្ហាមួយទៀតក្រុមប្រឹក្សាខណ្ឌបានលើកឡើងពីបញ្ហាសំណង់ដែលសង់លើផ្លូវសាធារណៈ តើខាងណាជាអ្នកទទួលខុសត្រូវ?
ការលើកឡើងបែបនេះរបស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីលោកសៅ គុនឆុន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកជា ខេមា អភិបាលខណ្ឌស្តីទីនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាខណ្ឌ មន្ត្រីគ្រប់ការិយាល័យខណ្ឌ និងចៅសង្កាត់ទាំង៥ផងដែរ។
ឆ្លើយតបទៅនឹងសំណង់ដែលសង់លើផ្លូវសាធារណៈ តើខាងណាជាអ្នកទទួលខុសត្រូវនោះលោកខុន វាសនា ប្រធានការិយាល័យអន្តរវិស័យបានលើកឡើងថា កន្លងមកជាគោលការណ៍របស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដាក់អានុសាសឲ្យចៅសង្កាត់ទាំង៥ កុំជំរុញតែមកលើសាលាខណ្ឌ ព្រោះសំណង់ដែលសាងសង់លើផ្លូវសាធារណៈមិនមែនយកឧបករមកដាក់ក្នុងហោប៉ៅទៅសាងសង់បាននោះទេ។ ដូចនេះសង្កាត់ត្រូវបញ្ជាទៅលោកមេភូមិ សូមអោយចុះត្រួតពិនិត្យតាមភូមិរបស់ខ្លួនជាប្រចាំ កុំសំណង់សាងសង់ហើយទើបរាយការណ៍មកសាលាខណ្ឌជាក្រោយនោះ។ ពិតហើយសាលាខណ្ឌជាអ្នកទទួលខុសត្រូវលើសំណង់ដែលសង់លើដីរបស់រដ្ឋ តែតាមសង្កាត់ខ្លួនឯងក៍ត្រូវទទួលខុសត្រូវផងដែរក្នុងករណីនេះ។
ចំណែកលោកជា ខេមា អភិបាលខណ្ឌស្តីទីបានលើកឡើងថា បញ្ហាប្រជាពលរដ្ឋដែលរស់នៅក្នុងសាលាបឋមសិក្សាព្រែកព្នៅ និងសាលាបឋមសិក្សាភូមិឌួង ដែលជាច្រើនខែមកហើយពុំមានដំណោះស្រាយនោះ គឺខាងសាលាខណ្ឌ និងសាលារាជធានីភ្នំពេញបានដោះស្រាយចំនួនពីរលើកមកហើយ ដោយដោះដូរឲ្យខាងប្រជាពលរដ្ឋទៅរស់នៅសហគមន៍អណ្តូង៦ដែលមានផ្ទះសង់រួចជាស្រេច តែខាងប្រជាពលរដ្ឋមិនយល់ព្រមដោយពួកគាត់លើកឡើងថាទីតាំងដែលឲ្យពួកគាត់ទៅរស់នៅនោះវាតូចចង្អៀត ពួកគាត់ចង់បានទីតាំងធំដូចនេះការរៀបចំ វាអូសបន្លាយយូបែបនេះជាចុងក្រោយលោកក៍បានលើកទិសដៅ និងវិធានការ ដល់អង្គប្រជុំ ត្រូវខិតខំ យកចិត្តទុកដាក់ រួមគិត រួមពិនិត្ត រូមធ្វើឲ្យល្អលើគ្រប់វិស័យក្នុងខណ្ឌរបស់យើងដើម្បីអនុវត្តតាមគោលនយោបាយចតុ កោណដំណាក់កាលទី២ និងទី៣របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃនេះ បាននឹងកំពុងដឹកនាំនាវាកម្ពុជាលើមាគ៌ាអភិវឌ្ឍន៍រីក ចំរើនលើគ្រប់វិស័យនោះ។
គួរបញ្ជាក់ថា របៀបវិរះក្នុងកិច្ចប្រជុំនេះមានចំនួន៥ ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៥៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ទី២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌ ទី៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ ទី៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ និងទី៥-បញ្ហាផ្សេងៗ ៕