រថយន្តខ្នាតយក្ស ដឹកលើសទម្ងន់ឡើងទួលមិនរួចរអឹលថយក្រោយ ជាប់គាំងកណ្ដាលផ្លូវ បង្ករការកកស្ទះទាំងព្រឹក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តខ្នាតយក្សម៉ាកវេអង(V1)​ ដែលគេសង្ស័យថា ដឹកលើសទម្ងន់ធ្វើឱ្យម៉ាស៊ីនរថយន្ត ខូចអូសឡើងទួលទៅមុខលែងរួចកណ្ដាលឱ្យរអឹលថយក្រោយរេចង្កូតកាច់ក្បាលជាប់គាំងទទឹងផ្លូវបង្ករឱ្យមានការកកស្ទះចរាចរណ៍ទាំងព្រឹកពេញផ្លូវ។

ហេតុការណ៍កកស្ទះចរាចរណ៍បង្កឡើងដោយរថយន្តវេអងនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា០៧. ១០នាទីព្រឹកថ្ងៃអាទិត្យ ៧ រោច ខែបុស្ស ឆ្នាំច
សំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៧៦ចំណុច( អូរអើយ)​ក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។

ក្នុងហេតុការណ៍ខាងលើអ្នកបើកបរបានប្រាប់ថា រថយន្តនេះដឹកដំឡូងមី ចេញពីទីរួមខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកកែវសីមា។ ប្រភពបន្តថាពេលរថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ាស៊ីនខូច កណ្ដាលផ្លូវតែម្ដង ហើយជាសំណាងដែរ ដែលរថយន្តនេះ ពុំបានធ្លាក់ទៅខាងក្រោមគ្រាន់តែរអឹលថយក្រោយបត់ក្បាលទទឹងផ្លូវតែម្តង។

ទោះមានការ អះអាងថា រថយន្តដឹកដំឡូងមីក៏ដោយ ក៏សមត្ថកិច្ចខេត្តមណ្ឌលគិរី នៅតែធ្វើការឆែកឆេរ ដដែលដោយសង្ស័យថា រថយន្តនេះ អាចនឹង មានបង្កប់ឈើខុសច្បាប់។

តាមប្រភពបានឱ្យដឹងថាតាំងពីម៉ោង០៧ ព្រឹក រហូតមកដល់ម៉ោង១២.០០នាទីថ្ងៃដដែលនេះ រថយន្តធន់យក្សដែលខូច ទទឹងផ្លូវជាតិនោះនៅមិនទាន់មាន ការអូសចេញ ឬ ដោះស្រាយរកមធ្យោបាយ សំរាប់រថយន្តដទៃទៀតចរាចរណ៍ឆ្លងកាត់បានឬសមត្ថកិច្ចធ្វើការឆែកឆេរនៅឡើយទេ។

ប្រភពពីសមត្ថកិច្ចដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ថានឹងធ្វើការឆែកឆេររថយន្តដឹកដំឡូងមីនោះឱ្យបានជាក់លាក់តើមានអ្វីបង្កប់នៅពីក្រោមដំឡូងមីនោះ។

ខណៈរថយន្តធន់ធំនេះកំពុងជាប់គាំងនោះក៏មានប្រភពរាយការណ៍ពីក្នុងភូមិសាស្ត្រឃុំពូជ្រៃ ស្រុកពេជ្រាដា មកថាមានរថយន្តធន់ធំចំនួន០៨គ្រឿងទៀត ក៏កំពុងតែសំងំលាក់ខ្លួនត្រៀមនិងធ្វើចរាចរណ៍លើផ្លូវជាតិលេខ៧៦នេះ។

ប៉ុន្តែនៅយប់នោះ កាលៈទេសៈមិនអំណោយផលដល់ការធ្វើចរាចរណ៍របស់រថយន្តធន់ធំនោះ។

ប្រភពដដែលថា រថយន្តទាំង០៨គ្រឿងខាងលើដឹកឈើចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងស្រុកកោះញែក ។

ការិះគន់ថា ការដឹកជញ្ជូនឈើរបស់ក្រុមរថយន្តទាំង៨គ្រឿងនោះ កំពុងបង្ករការបំផ្លាញផ្លូវជាតិលេខ៧៦ ជាច្រើនកន្លែង ព្រោះតែមានការផ្ទុកលើសចំណុះ ហើយគេក៏មានការសង្ស័យដែរថា បើសិនជារថយន្តនោះ មានច្បាប់ អនុញ្ញាត ដឹកឈើត្រឹមត្រូវ តាមលក្ខណៈ ស្តង់ដាហើយនោះ ហេតុអ្វីចាំបាច់ពួនសម្ងំរង់ចាំឱកាសល្អដើម្បីលួចចេញពីទឹកដីនៃខេត្តមណ្ឌលគិរីបែបនេះទៅវិញ? ៕

...

ដោយ​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print