ការបាញ់ប្រហារនៅក្នុងប្រទេសម៉ិចស៊ីកូ តែងតែកើតឡើងជាញឹកញាប់ក្រោយពេលស្តេច គ្រឿង ញៀនត្រូវបានចាប់ខ្លួន បញ្ជូនទៅអាមេរិកនោះ ។ ការបាញ់ប្រហារគ្នាភាគច្រើនកើតឡើងដោយសារតែការប្រជែង ដណ្តើមកាន់កាប់តំបន់នីមួយៗរបស់ក្រុមជួញដូរគ្រឿងញៀន។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មនុស្ស១០នាក់បានស្លាប់ និង២នាក់ រងរបួស ក្នុងការបាញ់ប្រហារមួយ កាលពីថ្ងៃទី២៧ ខែមករា រវាងក្រោមប្រដាប់អាវុធ ២ក្រុម ស្ថិតនៅរដ្ឋ Guerrero ភាគនិរតីម៉ិចស៊ីកូ ។
សេចក្តីថ្លែងការរបស់កម្លាំងសន្តិសុខរដ្ឋាភិបាលបញ្ជាក់ថា ការផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង៣រសៀល នៅជិតទីប្រជុំជន Chilapa ភាគខាងកើតរដ្ឋធានី Chilpancingo។
កាំភ្លើងជាច្រើនដើមបានរកឃើញនៅកន្លែងកើតហេតុ ជាមួយសាកសព១០នាក់ និងរថយន្ត២គ្រឿងរងការបំផ្លិចបំផ្លាញដោយសារការផ្ទុះអាវុធ ។ មនុស្ស២នាក់រងរបួស។
ក្រុមប្រដាប់អាវុធ២ក្រុម ហៅខ្លួនឯងថា ជាប៉ូលិសសហគមន៍ បានបាញ់ប្រហារគ្នា ។ មិនទាន់ដឹងច្បាស់ពីមូលហេតុ នាំឲ្យពួកគេបាញ់ប្រហារគ្នានោះឡើយ ។
រដ្ឋ Guerrero ជាទីតាំងរមណីយដ្ឋាន Acapuco ដ៏ស្រស់ស្អាត និងល្បីល្បាញ ។ ប៉ុន្តែត្រូវញាំញីដោយសារអំពើហិង្សាកើតឡើងស្ទើរមិនដាច់ នៅក្នុងរដ្ឋរបស់ម៉ិចស៊ីកូមួយនេះ ៕ ម្លិះ