ស្ដ្រី​ម្នាក់​ឃុបឃិត​ជាមួយ​ប្រុស​ស្នេហ៍​ចាប់ជំរិត​ក្មួយ​ស្រី​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ឡើង​តុលាការ​

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ ស្ដ្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ចាម​ សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ ឃាត់ខ្លួន​បាន​ បន្ទាប់​ពី​រូប​នាង​បាន​ចាប់​ក្មួយ​ស្រី​ជីដូនមួយ​ ដើម្បី​ជំរិត​ទារប្រាក់​ពី​ឪពុក​កុមារី​រង​គ្រោះ​ចំនួន​៥០០​ដុល្លារ​។​

​ការ​ឃាត់ខ្លួន​ស្ដ្រី​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្រងែ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​

​លោក​សេង​ ហ៊​ន​ អធិការ​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​ វ៉​ន​ សារី​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កំពង់ក្ដី​ ឃុំ​កំពង់​រាប​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​។​

​ដោយឡែក​ឧត្តមសេនីយ៍ទោ​ បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា​ ការ​តាម​ឃាត់ខ្លួន​ស្ដ្រីជន​សង្ស័យ​ខាងលើ​នេះ​ គឺ​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​បុរស​ឈ្មោះ​ ឆែម​ សារ៉ូ​ អាយុ​៣៥​ឆ្នាំ​ ជា​កសិករ​ រស់នៅ​ភូមិ​ទួល​ទ្រា​ខាងត្បូង​ ឃុំ​ជាប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ត្រូវជា​ឪពុក​របស់​កុមារី​រង​គ្រោះ​ ដែល​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​២​នាក់​បាន​ចាប់​ក្មេង​ស្រី​របស់​គាត់​ឈ្មោះ​ សារ៉ូ​ លី​ហ្សា​ អាយុ​៩​ឆ្នាំ​ ក្នុង​បំណង​ដើម្បី​ជំរិត​ទារប្រាក់​ពី​គាត់​ចំនួន​៥០០​ដុល្លារ​ និង​បាន​យក​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២​។​

​បុរស​ឈ្មោះ​ឆែម​ សារ៉ូ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ដែល​ក្រុម​ជនសង្ស័យ​បាន​ចាប់​កូនស្រី​គាត់​ទៅ​ គឺ​ស្ដ្រី​ឈ្មោះ​ វ៉​ន​ សា​វី​ បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​គេ​ នៅ​ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរ​រាំង​ឪ​ ហើយ​ក៏​បាន​ហួស​មក​ចូ​លេង​ផ្ទះ​គាត់​។​ ពេល​មក​ដល់​ផ្ទះ​គាត់​ ស្ដ្រី​នោះ​ក៏​បាន​ខ្ចី​ម៉ូតូ​របស់​គាត់​ ថា​យក​ទៅ​ទិញ​បង្អែម​ហូប​ ហើយ​ក៏​បាន​យក​កូនស្រី​របស់​គាត់​ទៅ​ជាមួយ​ផង​។​ នោះ​ក្រោយ​ពេល​ទៅ​បាត់​រហូត​ដល់​ពេល​យប់​ នៅ​តែ​មិន​ទាន់​ឃើញ​នាង​ត្រឡប់​មក​វិញទៀត​ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​។​ លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ស្ដ្រី​ឈ្មោះ​វ៉​ន​ សា​វី​ (​ជនសង្ស័យ​)​ ក៏​បាន​ទាក់ទង​មក​គាត់​ថា​ បើ​ចង់បាន​កូនស្រី​វិញ​ ទាល់តែ​ផ្ញើ​ប្រាក់​៥០០​ដុល្លារ​តាម​វី​ង​ទៅ​ឲ្យ​គេ​ បើ​ពុំនោះ​ទេ​ គេ​នឹ​យ​យក​កូនស្រី​របស់​គាត់​ទៅ​លក់​។​ ដោយ​ខ្លាច​កូនស្រី​មាន​គ្រោះថ្នាក់​ គាត់​ក៏​បាន​យល់ព្រម​ធ្វើ​តាម​នាង​ ប៉ុន្ដែ​ផ្ញើ​លុយ​ទៅ​៥០​ដុល្លារ​សិន​ ហើយ​សន្យា​ថា​និង​វេរ​ទៅ​បន្ដបន្ទាប់​ទៀត​។​ បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ឲ្យ​ជួយ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ និង​ជួយ​រំដោះ​កូនស្រី​គាត់​មក​វិញ​។​

​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ លោក​ឧត្តមសេនីយ៍ទោ​បែន​ រ័​ត្ន​ បាន​ចាត់​ពង្រាយ​កម្លាំង​នៅ​គ្រប់​បណ្ដា​អធិការដ្ឋាន​ស្រុក​-​ក្រុង​ ឲ្យ​តាម​ចាប់​ជនសង្ស័យ​។​ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​៥​ ខែធ្នូ​ កម្លាំង​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូឌុប​ក្មេង​ស្រី​រង​គ្រោះ​ ក្នុង​ទិស​ដៅ​ចេញពី​ស្រុក​ជើងព្រៃ​មក​កាន់​ទឹកដី​ស្រុក​ព្រៃឈរ​ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ និង​រំដោះ​ក្មេង​ស្រី​រង​គ្រោះ​ បាន​មក​វិញ​ដោយ​សុវត្ថិភាព​។​

​បច្ចុប្បន្ន​ក្មេង​ស្រី​រង​គ្រោះ​ ត្រូវ​បាន​រំដោះ​មក​វិញ​ និង​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដោយ​សុវត្ថិភាព​។​ ចំណែក​ស្ដ្រី​ជា​ជនសង្ស័យ​ ត្រូវ​បាន​កសាង​សំណុំរឿង​ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

dew (2)

dew (1)

dew

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print