ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សម្នាក់ ក្នុងចំណោម៦នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរពីការ បាញ់ប្រហារដ៏សន្ធាប់របស់ក្រុមប្រមាញ់សត្វព្រៃ នៅពេលដែលកម្លាំងឃាត់ខ្លួនសួរនាំជនសង្ស័យម្នាក់ ខណៈកំពុងដឹកសត្វព្រៃ ។
តាមប្រភពព័ត៌មានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅអំឡុងម៉ោង៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែ ហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។
ជនរងគ្រោះឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃស្រែពក បានបញ្ជូន បន្តមកកាន់មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ។ តាមដំណឹងទទួលបានលោកបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជិវិតហេីយ។
លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ករណីនេះបានកើតឡើងគ្រាដែលកម្លាំងឧទ្យានុរក្សចម្រុះ សរុបមានគ្នាមានគ្នា៦នាក់ បានចេញល្បាតតាំងពីល្ងាចថ្ងៃទី២៨ មករា ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក ។ លុះដល់ចំណុចអូររ៉ូវេ ក៏ប្រទះឃើញជំរុំមួយកន្លែង ដោយមានការ សង្ស័យ ក្រុមមន្ត្រីចាំឃ្លាំមើលត្រង់ទីតាំងនោះ រហូតដល់វេលាទៀបភ្លឺថ្ងៃទី២៩ ស្រាប់តែឃើញជនម្នាក់បេីកបរម៉ូតូ១គ្រឿងសំដៅមកជំរុំមួយនេះ និងដឹកប៉ាវមួយលាក់ទុកក្នុងព្រៃ ។ ឃើញដូច្នេះក្រុមមន្ត្រីបានចេញមកឃាត់ជននេះដេីម្បីសួរនាំ ស្រាប់តែមានគ្រាប់កាំភ្លើងយ៉ាងសន្ធាប់ចេញពីមាត់ចាំ្រងអូររ៉ូវេ ធ្វេីអោយកម្លាំងមន្ត្រីឧទ្យានុរក្សបាញ់តបតវិញរយៈពេលមួយប្រ៉ាវបណ្ដាលឲ្យឧទ្យានុរក្សម្នាក់រងរបួសចំភ្លៅធ្លាយមកគូទ ។
លោកថា ក្រោយបាញ់តទល់គ្នាមួយប្រ៉ាវរួចមក ក្រុមប្រមាញ់សត្វព្រៃ និងកម្លាំងចម្រុះបានដក ថយរៀងខ្លួនដេីម្បីនាំមន្ត្រីរងរបួសមកទីកន្លែង មានសុវត្ថិភាព។ បានតែមួយសន្ទុះប៉ុណ្ណោះ ក្រុម ជនទុច្ចរឹតបានលបបាញ់រះមកលេីក្រុមមន្ត្រីម្តងទៀត ប៉ុន្តែមិនមាននរណារងរបួសថែមទៀត នោះទេ ហេីយក្រុមជនទុច្ចរឹតក៏ដកថយភ្លាមៗអស់ទៅ។
ចំពោះករណីនេះ លោក ឡោ សុខា ស្នងការ នគរបាលខេត្តមណ្ឌលគិរីប្រាប់ថា ទទួលបានដំណឹងនេះភ្លាម លោកបានបញ្ជាកម្លាំងជាច្រើន នាក់ទៅជួយអន្តរាគមន៍ និងស្រាវជ្រាវតាមចាប់ជនល្មើសទាំងនោះឲ្យខាងតែបាន ៕ ដោយ៖ ជាយក្រុង