ខេត្តបាត់ដំបង ៖ ស្ត្រីដៃឆើតម្នាក់បានបន្លំលួចយកមាសពីអាជីវករលក់មាសម្នាក់អស់១០តម្លឹងទាំងព្រលឹមអុររួចគេចខ្លួនបាត់ ដោយបន្សល់ទុកតែរូបភាពស្ត្រីរូបនេះនៅក្នុងកាមេរ៉ាសុវត្ថិភាព សម្រាប់ឲ្យសមត្ថកិច្ចជំនាញស្រាវ ជ្រាវប៉ុណ្ណោះ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខណៈម្ចាស់កំពុងរៀបចំលក់ដូរក្នុងផ្សារមួយកន្លែង ក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ។
សមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡបានឲ្យដឹងថា ជនសង្ស័យទំនងមានបក្ខពួកមិនតិចជាង៣នាក់ ហើយបានដើរចូលទៅក្នុងផ្ទះជនរងគ្រោះ ដែលតាំងលក់គ្រឿងអលង្ការ តែគ្មាននរណាម្នាក់គិតថា «ជាចោរនោះទេ» ។ ប៉ុន្តែបន្តិចក្រោយមក ទើបមានការភ្ញាក់ផ្អើលថា មានចោរបន្លំលួចមាស ហើយគេចខ្លួនបាត់ស្រមោលទាំងព្រឹក ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះហ៊ីង សុផល ភេទប្រុស អាយុ៥៩ឆ្នាំ ជាអាជីវករលក់មាស និងប្ដូរលុយ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ប៉ុន្តែក្រោយកើតហេតុ គេបានឆែកឃើញរូបភាពស្ត្រីម្នាក់ ដែលជាជនសង្ស័យជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ចាប់ពីពេលធ្វើដំណើរចូល និងពេលធ្វើសកម្មភាព នៅកន្លែងលក់មាសក្នុងផ្ទះជនរងគ្រោះ ។
បើតាមការបំភ្លឺខ្លះៗពីជនរងគ្រោះដែលសមត្ថកិច្ចបានស្រង់សំដីថា ដំបូងគេឃើញស្ត្រីវ័យរាងចំណាស់ម្នាក់បានដើរសំដៅចូលទៅកាន់ផ្ទះជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលកំពុងរៀបចំលក់ដូរ និងមនុស្ស២នាក់ទៀត នៅខាងមុខនោះ ដែល២នាក់នេះគេសង្ស័យជាបក្ខពួកស្ត្រីដៃដល់ ។
ប្រភពដដែលបាននិយាយថា ស្របពេលដែលជនរងគ្រោះ មិនបានចាប់អារម្មណ៍ ស្រាប់តែស្ត្រីដៃឆើតដើរចេញពីផ្ទះបាត់មួយរំពេច។ លុះបន្តិចក្រោយមកទើបដឹងថា បាត់ប្រអប់ដាក់គ្រឿងអលង្កាពីក្នុងទូ ក៏ផ្អើលឆោឡោភ្លាមៗតែម្ដង តែស្ត្រីរូបនោះបានគេចខ្លួនជាមួយបក្ខពួកបាត់ទៅហើយ ។
បើតាមអាជីវកររូបនេះ បានប្រាប់សមត្ថកិច្ចថា នៅក្នុងកំប៉ុងដែលបាត់នោះ មានមាសចំនួន១០តម្លឺង ដែលគាត់សង្ស័យទៅលើស្ត្រីដែលចូលផ្ទះរបស់គាត់នោះជាអ្នកលួច ហើយស្ត្រីរូបនេះ ក៏មានរូបភាពជាប់ក្នុងកាមេរ៉ាសុវត្ថិភាពដែរ។ នៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញស្ត្រីវ័យចំណាស់ម្នាក់ បានធ្វើដំណើរសំដៅចូលទៅកាន់ផ្ទះជនរងគ្រោះ ក្នុងឯកសណ្ឋានខោក្រណាត់ជើងវែងក្រឡាអុចៗ ពាក់អាវដៃវែង ពណ៌ឈាមជ្រូក និងពាក់មួយក្រណាត់ពណ៌ទឹកប៊ិច ។
បើតាមរូបភាព ស្ត្រីរូបនេះបានចូលដល់ខាងក្នុងផ្ទះតែម្ដង ខណៈជនរងគ្រោះ២នាក់ប្ដីប្រពន្ធកំពុងរៀបចំកន្លែងលក់ដូរ។ នៅក្នុងទិដ្ឋភាពនោះ គេឃើញបុរសជាប្ដីហាក់កំពុងមើលក្មេងតូចនៅលើអង្រឹង រីឯភរិយាគាត់កំពុងលូកយកអ្វីនៅក្នុងទូ ខណៈគេឃើញស្ត្រីសង្ស័យកំពុងឈរនៅខាងក្រោយខ្នង ។ ប៉ុន្តែនៅគ្រាហ៍ដែលបុរសជាប្ដីបានដើរចូលទៅក្នុងផ្ទះ គេឃើញភរិយាគាត់ហាក់បានហុចអ្វីមួយឱ្យទៅជនសង្ស័យ ហើយក៏ងាកមុខទៅវិញ ។ ឆ្លៀតក្នុងឱកាសនោះ ស្រាប់តែគេឃើញស្ត្រីជនសង្ស័យបានដោះមួក ហើយលូកដៃយកអ្វីម្យ៉ាងនៅក្នុងទូដែលគេសង្ស័យ អាចជាការលូកយកកំប៉ុងដាក់មាសរបស់ជនរងគ្រោះ រួចដើរចេញយ៉ាងរហ័សបាត់ភ្លាមៗតែម្ដង ។
ជុំវិញករណីនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា ជនដៃដល់អាចមានបក្ខពួកយ៉ាងតិច៣នាក់ ។ បើពិនិត្យលើរូបភាព ដែលជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ភិនភាគស្ត្រីជនសង្ស័យរូបនេះ អាចជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពនេះកន្លងមក នៅតាមបណ្ដាស្រុកនានា ហើយមកដល់ពេលនេះមន្ត្រីជំនាញកំពុងស្រាវជ្រាវតាមដានលើមុខសញ្ញាទាំងនេះដើម្បីចាប់ខ្លួនឲ្យបាន ៕