ភ្នំពេញ៖ ក្រោយចូលរោងការដ៏គួរឲ្យភ្ញាក់ផ្អើលបានជិតមួយឆ្នាំរួចមកពេលនេះតារាកំប្លែង នាយចយទទួលដំណឹងល្អហើយដោយនាយនិងភរិយាស្រស់សោភាទទួលបានដំណក់ឈាមរួមគ្នាហើយ។ មានទស្សនិកជនជាច្រើនកំពុងរងចាំមើលថាតើកូននៅក្នុងផ្ទៃដែលទើបមានវ័យជាង២ខែនោះកាត់ទៅឪពុក ឬក៏ម្តាយ។
កាលពីចុងខែកុម្ភៈឆ្នាំ២០១៨ តារាកំប្លែងនាយ ចយ និងអ្នកនាង ប៉ិច ក្វាន់ ឌី បានចូលរោងការជាមួយការភ្ញាក់ផ្អើលអស់មហាជន រួមទាំងមានវត្តមានចូលរួមពីសំណាក់កូនប្រុសសម្តេចតេជោ ហ៊ុន សែន។ ជិតដល់ខួបគម្រប់មួយឆ្នាំនៃអាពាហ៍ពិពាហ៍ខុសរូបសម្រស់នេះ គឺពួកគេសម្រេចបានបំណងបានកូនដែលជាតំណក់ឈាមរួមគ្នាហើយ។
អ្នកនាង ប៉ិច ក្វាន់ឌី ភរិយាតារាកំប្លែងរូបនេះបានបង្ហាញសានៅលើបណ្ដាញសង្គមហ្វេសប៊ុកបង្អួតហ្វេនៗថា «គ្មានអ្វីសប្បាយចិត្តជាងទទួលបានសមាជិកថ្មីទេ welcome baby ទទួលបានការដូពិសេសមុនថ្ងៃខួបអាពាហ៍ពិពាហ៍» ។ នាងទទួលបានការសាទរ ជូនពរជាច្រើនពីសាច់ញាតិមិត្តភ័ក្កិរួមទាំងស្វាមី។
គួរបញ្ជាក់ដែរថា គូស្នេហ៍មួយគូនេះ តែងបង្ហាញពីសុភមង្គលក្នុងគ្រួសារយ៉ាងពេញទំហឹងតាមរយៈបណ្ដាញសង្គម ធ្វើឱ្យមហាជនដែលធ្លាប់បានរិះគន់ និងការមាក់ងាយថាជាស្នេហាមិនយូរអង្វែង ។ ដំណឹងដែលនាយចយក្លាយជាឪពុកគេក៏អាចជួយលាងជម្រះរឿងរ៉ាវស្នេហាខុសសម្បុរកាយ រូបរាងនេះ និងអាចបង្កើនសុភមង្គលក្នុងគ្រួសារដ៏តូចមួយនេះផងដែរ។ ក៏មានការចំអន់ដល់បុរស និងគូស្នេហ៍ដទៃផងដែរថាអ្នកខ្លះមិនអាចមានកូនពរ និងមិនមានសុភមង្គលដូចនាយចយនោះទេ៕ ដោយ វឌ្ឍនា