ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកសម្តេចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃចូលឆ្នាំចិននឹងមកដល់» ។ សម្តេចថា ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុង ខែមេសាក៏ពិតមែន តែយើងសង្កេតឃើញថា កម្ពុជាយើងចូលឆ្នាំទាំង៣ គឺ ឆ្នាំសកល, ឆ្នាំចិន, និងឆ្នាំខ្មែរ ។ ជាពិសេសសព្វថ្ងៃនេះ មានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមសែ ស្រឡាយចិនក៏មានកាន់តែក៏ច្រើនផងដែរ។
សម្តេចបានរំឭកដោយលើកឡើងថា កាលពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធី បុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃ រស់នៅបែកបាក់ ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ ។ សូម្បីតែមានសាច់ ឈាម ពណ៌សម្បុរ “ស” ក៏គេចោទថាខ្មាំងដែរ ។
ជាការពិត បច្ចុប្បន្នយើងសង្កេតឃើញថា ក្រោយពីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ បងប្អូនប្រជា ពលរដ្ឋ មានសិទ្ឋិសេរីភាពគ្រប់យ៉ាងក្នុងការជ្រើសរើសនិងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណី តូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំនៃជនជាតិនីមួយៗទៅតាមជំនឿរៀងៗខ្លួនដោយសេរី ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ទទួលបានភាពសប្បាយរីករាយ និងមានលាភសំណាងគ្រប់ៗគ្នា ៕