ខេត្តកំពង់ស្ពឺ៖ ក្មេងស្ទាវ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈចូលផឹកស៊ីក្នុងហាងខារ៉ាអូខេអស់លុយច្រើនគ្មានលុយសងបម្រុងប្រើហិង្សាដាក់ម្ចាស់ហាងទៀត។
ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ឆ្នំា២០១៩ នៅហាងខារ៉ាអូខេ រស្មីឱរ៉ាល់ ស្ថិតនៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ១- ថា ថៃ ភេទប្រុស អាយុ ២៣ឆ្នាំ២- ឈ្មោះឡេង វេត ភេទប្រុស អាយុ៣០ឆ្នាំនិង៣- ឈ្មោះយ៉ន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ។
ទាំង៣នាក់មានទីលំនៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យបានមកផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាង រស្មីឱរ៉ាល់ មានម្ចាស់ឈ្មោះ ញ៉ិប សុដុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ អស់ប្រាក់៤២ម៉ឺនរៀល ហើយខ្វះលុយឲ្យម្ចាស់ហាងក៏ធ្វើសកម្មភាពចង់បណ្ដោះគ្នារត់គេច តែត្រូវម្ចាស់ឃាត់មិនឲ្យចេញពីហាងត្រូវតែទូទាត់ប្រាក់សិន។
ពេលនោះជនសង្ស័យទាំង៣នាក់ស្រែកឡូឡានឹងបានទាញចម្ពាមកៅស៊ូនិងកាំបិតផ្គាក់ចេញពីម៉ូតូ បង្កការអុកឡុកកាប់តុនិងជញ្ជាំងគំរាមម្ចាស់ហាងទៀតផងធ្វើឲ្យ ម្ចាស់ហាងបានរត់មកខាងក្រៅប្ដឹងសមត្ថកិច្ចជួយអន្ដរាគមន៍ ។
ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងកាំបិតផ្គាក់ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕