រកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រភេទ M117 ទម្ងន់ជាង៣០០គីឡូក្រាមមួយគ្រាប់ទៀតហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា គ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក បន្សល់ទុកកាលពីសម័យសង្គ្រាម ប្រភេទ M117 ទម្ងន់ជាង៣០០គីឡូក្រាម ត្រូវបានរកឃើញមួយគ្រាប់ទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកថា គ្រាប់បែកនេះត្រូវបានប្រជាពលរដ្ឋជីកដីប្រទះឃើញ និងបានរាយការណ៍មកកម្លាំងស៊ីម៉ាក់ភ្លាមៗ ហើយ កម្លាំងស៊ីម៉ាក់ក៏បានចុះទៅពិនិត្យលក្ខណៈគ្រាប់បែកនៅថ្ងៃចន្ទ ៧ កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩រួចហើយដែរ។
លោកហេង រតនា លើកឡើងថា «បងប្អូនជីកដីឃើញគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះ ក្នុងសម័យសង្គ្រាម​នាំគ្នាភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ទើប កំលាំងស៊ីម៉ាក់បានកំណត់ប្រតិបតិ្តការ ពិនិត្យស្ថានភាពលក្ខណ:បច្ចេកទេស គ្រាប់បែកនិងបានយកចេញនៅថ្ងៃ១២​ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ​ រួចហើយ ។
អង្គការ ស៊ីម៉ាក់បានឲ្យដឹងថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង។​ ប៉ុន្តែការទម្លាក់គ្រាប់បែកតាមយន្តហោះនេះស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងប៉ុណ្ណោះ ៕ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print