ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងនគរបាលការិល័យកណ្តាលអាវុធជាតិផ្ទុះនិងអគ្គិភ័យសហការគ្នា ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅចំណុចទីប្រជុំជនផ្សារអូរអំបិលខណៈដែលសមត្ថកិច្ចចុះល្បាតនៅពេលយប់ហើយប្រទះឃើញពួកគេកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនខុសច្បាប់ ។
ការបង្ក្រាបសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានកិច្ចសម្របសម្រួលនីតិវិធីការងារបង្ក្រាបចាប់ឃាត់ខ្លួនពីលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៥កូនថង់ស្មើនិង០.៦ក្រាមនិងថ្នាំញៀនមេតំហ្វេតាមីនWYចំនួន៩គ្រាប់។ជនសង្ស័យគ្រឿងញៀនទាំង៤នាក់មាន ១ឈ្មោះ ឡាក់ លូរី ហៅជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរកម្មករ រស់នៅក្នុងភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនខុសច្បាប់ ៣ឈ្មោះ ឡុង ស្រីល័ក្ខ ហៅសម្ភស្ស ភេទស្រី អាយុ១៨ឆ្នាំ មុខរបរអ្នករត់តុក្នុងហាងផឹកស៊ី រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និង៤ឈ្មោះ សួន សត្យា ហៅក្តិប ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរអ្នកលេងភ្លេងសម័យ រស់នៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជនសង្ស័យទាំង២នាក់ ជាអ្នកប្រើប្រាស់ថ្នាំញៀន ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តប្រាប់ឱ្យដឹងថា កម្លាំងនគរបាលធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនខាងលើខណៈដែលសមត្ថកិច្ចកំពុងចុះល្បាតនៅពេលយប់ដើម្បីពង្រឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយបានប្រទះឃើញពួកគេកំពុងដោះដូរថ្នាំញៀនជាក់ស្តែង កម្លាំងសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនពួកគេបានជាបន្តបន្ទាប់ ។ ជនសង្ស័យមុខសញ្ញាជួញដូរថ្នាំញៀនទាំង២នាក់នោះគេបានឆ្លើយសារភាពពិតជាអ្នកលក់ចែកចាយថ្នាំញៀននោះមែន ថ្នាំញៀនគេទិញពីចំណុចរ៉ារថភ្លើង ហើយយកទៅលក់ចែកចាយនៅសង្កាត់អូរអំបិល ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងថ្នាំញៀនសមត្ថកិច្ចបាននឹងកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា