ខេត្តបាត់ដំបង៖ ជនសង្ស័យប្រកបមុខរបររកស៊ីថ្នាំញៀន២នាក់យ៉ាងសកម្មនៅស្រុកភ្នំព្រឹករយៈពេលជាង១ឆ្នាំ មកហើយអស់ល័ក្ខត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកបង្ក្រាបចាប់ឃាត់ខ្លួន និងធ្វើការឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY ចំនួន៦៨គ្រាប់ និងម៉ូតូ២គ្រឿងជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពប្រប្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ ។
ការបង្រ្កាបជនសង្ស័យសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងក្រោយសាលាបឋមសិក្សាបួរ ស្ថិតក្នុងភូមិបូរ ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យកំពុងតែធ្វើដំណើរតាមម៉ូតូបម្រុងយកថ្នាំញៀនយកទៅលក់ឱ្យអតិថិជនរបស់ខ្លួន ។
ជនសង្ស័យទាំង២នាក់មានឈ្មោះឈៀង វណ្ណី ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ ជា វាសនា ភេទប្រុស អាយុ២១ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិឃុំខាងលើ ។
លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងទទួលការងារព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យខាងលើដោយមានការសហការរាយការណ៍ពីប្រជាពលរដ្ឋ មកកម្លាំងសមត្ថកិច្ចអំពីសកម្មភាពលក់ចែកចាយថ្នាំញៀនពីសំណាក់ជនសង្ស័យខាងលើនៅក្នុងមូលដ្ឋានរបស់គាត់ ។ ក្រោយពីទទួលដំណឹងនោះហើយ កម្លាំងនគរបាលស្រុកសហការ នឹងកម្លាំងប៉ុស្ថិ៍ឃុំបូរ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចក៏ឈានទៅបង្ក្រាបចាប់ឃាត់ខ្លួមពួកគេទាំង២នាក់បានទាន់ពេលវេលា ។
លោកអធិការងបានបញ្ជាក់ឱ្យដឹងទៀតថា តាមចម្លើយសារភាពជនសង្ស័យពួកគេរកស៊ីលក់ចែកចាយថ្នាំញៀនជាង១ឆ្នាំមកហើយ ថ្នាំញៀនខាងលើគឺគេទិញពីបុរសម្នាក់នៅស្រុកបវេល ដើម្បីយកមកលក់ចែកចាយនៅឃុំបូរ ។ លុះបម្រុងយកថ្នាំញៀនទៅលក់ចែកចាយបន្តក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបបានតែម្តង ។
ជនសង្ស័យទាំង២នាក់ ក្រោយពីកម្លាំង នគរបាលស្រុកភ្នំព្រឹកសាកសួរ និងបំពេញសំណុំរឿងរួចហើយ នៅថ្ងៃដដែលគ្រោងនិងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា