ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមបានធ្វើសកម្មភាពបាញ់មួយគ្រាប់ទៅលើជនរងគ្រោះមានគ្នា៥នាក់ប្លន់យកម៉ូតូឌ្រីម សេ125 មួយគ្រឿងបណ្ដាលអោយយុវជនម្នាក់ក្នុងចំណោម៥នាក់ ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយក្រុមជនសង្ស័យយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្តិភាព ។
ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥២៨ កែង៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ សល់ វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំទួលសង្កែ មានមុខរបរជាជាងឡាន។
បើតាមការរៀបរាប់របស់ឈ្មោះថាណា ឌុន ភេទប្រុស អាយុ១៦ឆ្នាំ ដែលបានរួមដំណើរជាមួយបានអោយដឹងថា មុនពេលកើតហេតុពួគេទើបតែចេញពីក្លឹប ដោយមានគ្នា៥នាក់ ជិះម៉ូតូពីរគ្រឿង ដោយមានម៉ូតូ និចមួយគ្រឿងនិងម៉ូតូឌ្រីមសង់ សេរីឆ្នាំ២០០៦តែបិទតែម២០១៣ ពេលដែលជិះបណ្ដើរគ្នាមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះចំនួនមួយគ្រាប់ត្រូវឆ្អឹងជំនីខាងស្ដាំបណ្ដាលអោយដួល ហើយពេលឃើញដូចនោះខ្លួននិងមិត្តភក្តបាននាំគ្នារត់ចេញពីម៉ូតូ ហើយក្រុមជនសង្ស័យបាននាំគ្នាយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់ដោយសុវត្តិភាព ។
ក្រោយកើតហេតុពួកគេបានទំនាក់ទំនងទៅសមត្ថកិច្ចនិងហៅរថយន្ដសង្គ្រោះ ដើម្បីមកយកជនរងគ្រោះទៅសង្គ្រោះតែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយមកក្រុមគ្រួសារសពបានដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចតាមចាប់ក្រុមជនសង្ស័យចាត់ការតាមច្បាប់ ចំណែកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
...
ដោយ៖ ព្រែកជ័យ