ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដឹកនាំដោយលោកជំទាវ Claire Van Der Vaerenចូលជួប ។
លោកជំទាវបានជម្រាបជូន សម្តេចតេជោ អំពីសកម្មភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសលើផ្នែកអភិវឌ្ឍន៍ ផ្នែកសុខភាព អប់រំ យេនឌ័រ យុវជន អភិបាលកិច្ចល្អ គាំពារសង្គម សិទ្ធិមនុស្ស និងផ្នែកប្រតិកម្មទៅនឹងគ្រោះមហន្តរាយ ។
លោកជំទាវគាំទ្រ និងវាយតម្លៃខ្ពស់ដល់សកម្មភាពអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមនិងនោះ លោកជំទាវបានជម្រាបជូន សម្តេចតេជោ ថាសកម្មភាពរបស់អង្គការសហប្រជាជាតិ និងភ្នាក់ងារដៃគូរបស់ខ្លួនគឺរីករាយសហការគាំទ្ររាល់សកម្មភាពអភិវឌ្ឍន៍សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ភ្នាក់ងារដៃគូអង្គការសហប្រជាជាតិទាំងអស់ដែលបានប្រតិបត្តការងារអស់រយៈពេលប្រមាណ ៥ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១១ ដែលបានជួយជម្រុញឲ្យកម្ពុជាទទួលជោគជ័យក្នុងការសម្រេចគោលដៅសហសវត្សដែលបានដាក់ចេញកន្លងមក ។
សម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីទទួលបាននូវជោគជ័យនៃកិច្ចសហប្រតិបត្តិការកម្ពុជា និងអង្គការសហប្រជាជាតិ ហើយសម្តេចក៏ស្នើសុំឲ្យអង្គការសហប្រជាជាតិមេត្តាយកចិត្តទុកដាក់លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលពាក់ព័ន្ធយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា ក្នុងនោះគឺសូមចូលរួមសហការសិក្សាស្រាវជ្រាវនូវផលដំណាំកសិកម្មនានាដែលធន់និងកំដៅថ្ងៃដើម្បីចែកជូនប្រជាកសិករដាំដុះ ។
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និង រីករាយចំពោះកិច្ចសហការពីបណ្តាភ្នាក់ងារអង្គការ UN ទាំងអស់ដែលកំពុងប្រតិបត្តិការងារចូលរួមអភិវឌ្ឍន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕