ខេត្តឧត្តមានជ័យ ៖ ស្រ្តីខ្វះខាត(ទីទាល់ក្រ)ម្នាក់ មានកូន៤នាក់ក្នុងបន្ទុក ចេញទៅរាវក្តាម ខ្ចៅ ខ្យងតាមបឹងបួរ ថ្លុកត្រពាំង ឲ្យតែដឹងថានៅទីណាមានក្តាម ខ្ចៅ ខ្យងក៏ទៅរាវនៅទីនោះ ដើម្បីយកទៅលក់គ្រាន់បានថវិការបន្តិចបន្តួចចិញ្ចឹមគ្រួសារ។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដូចសព្វមួយដង ជាថ្ងៃកើតហេតុស្រ្តីអភ័ព្វរូបនេះបានទៅរាវ ក្តាម ខ្ចៅ ខ្យងម្នាក់ឯងនៅបឹងមួយស្ទើរីងហួតទឹកអស់ទៅហើយ គឺនៅសល់ទឹកត្រឹមជង្គង់ តែអកុសលពេលកំពុងរាវក្តាម ខ្ចៅ ខ្យងស្រាប់តែដួងផ្កាប់មុខទៅក្នុងទឹកដោយគ្មានអ្នកណាម្នាក់បានឃើញ និងបានដឹងឡើយ។
អ្នកភូមិផងរបងជាមួយដែលធ្វើដំណើរកាត់ទីនោះ ក៏ប្រទះឃើញស្រ្តីរងគ្រោះដួលផ្គាប់មុខទៅក្នុងទឹក(ត្រឹមជង្គង់) បាននាំគ្នាទៅលើក តែស្រ្តីរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយក៏មិនដឹងថាស្លាប់នៅពេលណាដែរ។
ស្រ្តីរងគ្រោះឈ្មោះ ផាត ចិន អាយុ៤៨ឆ្នាំ ប្តីឈ្មោះ កន តាំង មានជំងឺប្រចាំកាយធ្វើការមិនកើត ពោលរស់ដោយសារប្រពន្ធរកស៊ីចិញ្ចឹម។ ទាំងពីរនាក់ប្តីប្រពន្ធគ្មានបង ប្អូន ឬសាច់ញាតិនោះទេ នេះបើតាមការបញ្ជាក់របស់អ្នកភូមិ។
ស្រ្តីអភ័ព្វរូបនេះមានកូន៤នាក់ក្នុងបន្ទុក កូនប្រុសច្បងអាយុ២២ឆ្នាំ ដោយជីវភាពក្រីក្រពេក ក៏ឈប់រៀនហើយសុំម្តាយទៅធ្វើការនៅប្រទេសកូរ៉េ គ្រាន់បានលុយខ្លះមកជួយគ្រួសារ។ ដោយទទួលព័ត៌មានពីមិត្តភក្រ្តថា សាលាភាសាកូរ៉េ ឡុង ហេង ជួយកុមារក្រីក្រដែលមានបំណងចង់ទៅធ្វើការនៅកូរ៉េក៏បានមកសុំរៀន ទើបតែរៀនបានជិត ១ឆ្នាំ ហើយក៏កំពុងរៀបចំបែបបទចេញទៅធ្វើការនៅប្រទេសកូរ៉េ ក៏ទទួលព័ត៌ថាម្តាយស្លាប់!។
ស្អែកនេះជាថ្ងៃគំរប់៧ថ្ងៃ កូនប្រុសស្រ្តីអភ័ព្វ ដោយមានការជួយជ្រោមជ្រែងពីពលរដ្ឋអ្នកស្រុកអ្នកភូមិ បានរៀបចំធ្វើបុណ្យនៅក្នុងភូមិឈើទាលជ្រុំ ឃុំអូស្វាយ ស្រុកត្រពាំងប្រទាល ខេត្តឧត្តមានជ័យ ៕