ភ្នំពេញ៖ ដោយសារឆ្នាំនេះអាកាសធាតុ ក្តៅ ស្ងួត ងាយប្រឈមនឹងកើតមានគ្រោះអគ្គីភ័យ ឆាបឆេះ ជាហេតុងាយបង្កជាអណ្ដាត់ភ្លើងឆាបឆេះ ព្រៃ ស្មៅ និង សំរាម។ គេកត់សម្គាល់ឃើញថារយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អគ្គីភ័យបានឆាបឆេះចំនួន ៩ករណី ផ្សេងគ្នានៅភូមិសាស្ត្រ រាជធានីភ្នំពេញ តែមិនបណ្ដាលអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងបង្កឲ្យមានមនុស្សរងរបួសឡើយ ដោយបង្កឡើងនៅដីឡូត៍ និងដីវាល មានស្មៅស្ងួត ចោលសម្រាម គ្មានផ្ទះប្រជាពលរដ្ឋនៅក្បែរ។
ជាក់ស្តែងនៅម៉ោងជិត២រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្បែរបុរី លឹម ឈាងហាក់ សង្កាត់ក្រាំងឃ្នុង ខណ្ឌសែនសុខ អគ្គីភ័យបានឆាបឆេះព្រៃបង្កការភ្ញាក់ផ្អើល រថយន្តពន្លត់អគ្គីភ័យបានចេញបាញ់ទប់ស្កាត់មិនអោយរាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ។ មិនទាន់បាន ១ម៉ោងផងនោះ មានអគ្គីភ័យមួយករណីទៀត កើតឡើងនៅដីឡូត៍ នៅវេលាម៉ោង ៣រសៀល នៅចំណុច ផ្លូវ៦០ម៉ែត្រ សង្កាត់អង្រែលើ ខណ្ឌមានជ័យ បានឆាបឆេះគុម្ពត្រែង ភ្លាមនោះត្រូវបានសមត្ថកិច្ចបាញ់ពន្លត់រលត់តែម្ដង។
បើតាមសម្តីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យ បង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា រយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈនេះ ករណីអគ្គីភ័យឆាបឆេះ ព្រៃ ឆេះវាលស្មៅមានចំនួន ៩ករណីនៅរាជធានីភ្នំពេញ ដែលភាគច្រើនបង្កឡើងដោយកត្តាមនុស្ស រួមមានអ្នកជក់បារីបោះកន្ទុយបារីចោលនៅគំនរសម្រាម បង្កជាអណ្ដាតភ្លើងតែម្ដង ហើយ មាន៣ករណីទៀត នៅខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ផងដែរ តែអ្វីដែលពិសេសមិនបានបង្កអោយខូចខាតដល់ផ្ទះប្រជាពលរដ្ឋឡើយ។
លោក ព្រហ្ម យ៉ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះនៅជិតដីឡូត៍មានស្មៅស្ងួត ឬកន្លែងចោលសម្រាម សូមយកចិត្តទុកដាក់ពីបញ្ហាទាំងនេះ កុំអោយកូនលេងភ្លើង ឬអ្នកទទួលទានបារីកុំបោះកន្ទុយបារីចោលផ្ដេសផ្ដាស ហើយបន្ថែមទៀតនោះមានករណីអគ្គីភ័យឆាបឆេះ សូមបងប្អូនជួយគ្នា ទប់ស្កាត់និងពន្លត់ភ្លាមៗដើម្បីកុំអោយរាល់ដាលដល់ផ្ទះប្រជាពលរដ្ឋទាន់ ហើយសូមបងប្អូនប្រជាពលរដ្ឋរក្សាលេខទូស័ព្ទសមត្ថកិច្ច និងលេខ៦៦៦ ទុកសម្រាប់ហៅកម្លាំងជួយអន្តរាគមន៍បានទាន់ពេលវេលា៕ជ្រោយពេជ្រ