ខេត្តព្រះសីហនុ៖ ការបដិសេធន៍ពាក់ព័ន្ឋករណីការចោទប្រកាន់ថា លោក ឆាយ សុគន្ឋដា អភិបាលស្រុកស្ទឹងហាវ ថាបានឃុបឃិតជាមួយលោកគុជ ម៉ុលី ម្ចាស់សិប្បកម្មផលិតទឹកស្អាត នៅទីប្រជុំជនស្រុកស្ទឹងហាវដោយមិនព្រមទទួលយកការវិនិយោគពង្រីកបណ្តាញអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត នៅទីប្រជុំជនស្រុកស្ទឹងហាវដែលទទួលបានអាជ្ញាប័ណ្ណថ្មី ដោយក្រុមហ៊ុនអានកូវ៉ធឺរសឹបផ្លាយ ត្រូវបានធ្វើឡើងជាចំហរនៅចំពោះមុខបណ្តាញព័ត៌មានក្នុងស្រុកជាច្រើន នាព្រឹកថ្ងៃទី០៨ ធ្នូ ឆ្នាំ២០១៥ នៅក្នុងសាលាស្រុកស្ទឹងហាវ។
ថ្លែងក្នុងសន្និសិទ្ឋសារពត៍មាន នាព្រឹកថ្ងៃទី០៨ ធ្នូ ឆ្នាំ២០១៥ នៅក្នុងសាលាស្រុកស្ទឹងហាវ លោក ឆាយ សុគន្ឋដា អភិបាលស្រុកស្ទឹងហាវ បានមានប្រសាសន៍ថា ដោយកន្លងមកមានបណ្តាញព័ត៌មានជាតិ បណ្តាញព័ត៌មានក្រៅស្រុក និង បណ្តាញព័ត៌មានសង្គមហ្វេសបុក មួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត មិនមានមូលដ្ឋានច្បាស់លាស់ ដោយលើកឡើងថា ប្រជាពលរដ្ឋ មានការខឹងសម្បារ ជាមួយអាជ្ញាធរស្រុកស្ទឹងហាវ ថាបានឃុបឃិតគ្នាជាមួយលោក គុជ ម៉ុលី ម្ចាស់សិប្បកម្មផលិតទឹកស្អាត ក្នុងស្រុកស្ទឹងហាវ ពីមុនមកដោយមិនព្រមទទួលយកការវិនិយោគ ពង្រីក បណ្តាញអាជីវកម្មដើម្បីផ្គត់ផ្គង់ទឹកស្អាត នៅទីប្រជុំជនស្រុកស្ទឹងហាវ ដែលទទួលបានអាជ្ញាប័ណ្ណថ្មី ដោយក្រុមហ៊ុនអានកូវ៉ធឺរសឹបផ្លាយនាពេលថ្មីៗនេះ ។
លោក ឆាយ សុគន្ឋដា បានបញ្ជាក់ថាវាជារឿងមិនពិត ព្រោះយោងតាមស្មារតីអង្គប្រជុំ នៅរសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដោយមានតំណាងលោក គុជ ម៉ុលី សិប្បកម្មផ្គត់ផ្គង់ទឹកស្អាត ស្រុកស្ទឹងហាវ ពីមុនមក តំណាងក្រុមហ៊ុនអានកូវ៉ធឺរសឹបផ្លាយ និង ស្ថាប័នពាក់ព័ន្ឋមួយចំនួនទៀត និង យោងទៅតាមលិខិតលេខ ៧៣៩ MIH/2015 ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៥ របស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ដែលបានសម្រេចប្រគល់អាជ្ញាប័ណ្ណថ្មី អោយក្រុមហ៊ុនអានកូវ៉ធឺរសឹ ផ្លាយ បានពង្រីកបណ្តាញសេវាផ្គត់ផ្គង់ទឹកស្អាត ជាបណ្តើរៗរបស់ខ្លួន ចូលទៅទីប្រជុំជនស្រុកស្ទឹងហាវ គ្របដណ្តប់ចំនួន ១០ភូមិ ក្នុង៣ឃុំ គឺភូមិ១ - ភូមិ២ - ភូមិ៣ និង ភូមិ៤ ក្នុងឃុំអូរត្រេះ ។ ភូមិ១ - ភូមិ២ - ភូមិ៣ - ភូមិ៤ ក្នុងឃុំទំនប់រលក ។ ភូមិ ១ - ភូមិ២ ក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីអោយប្រជាពលរដ្ឋតំបន់នោះ ទទួលបានទឹកស្អាតប្រើប្រាស់ក្នុងជីវភាពរស់នៅបន្តទៀត ។
លោក ឆាយ សុគន្ឋដា បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ក៏ដូចជាអាជ្ញាធរស្រុកស្ទឹងហាវ ទាំងមូល មានការគាំទ្រយ៉ាងខ្លាំងចំពោះការវិនិយោគ នៃការពង្រីកបណ្តាញទឹកស្អាត របស់ក្រុមហ៊ុនអានកូវ៉ធឺរសឹបផ្លាយ ប៉ុន្តែដោយយោងទៅតាមលិខិតរបស់លោក ចម ប្រសិទ្ឋិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានជម្រាបមកអគ្គនាយកក្រុមហ៊ុនអានកូវ៉ធឺរសឹបផ្លាយ ត្រូវតែបន្តការចរចាជាមួយក្រុមហ៊ុនចាស់ តំណាងដោយលោក គុជ ម៉ុលី ដើម្បីរកដំណោះស្រាយភាពឈ្នះ ឈ្នះ ជាមួយគ្នាអោយបានសមស្រប ។
លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ខេត្តព្រះសីហនុ បានអោយដឹងនាពេលកន្លងមកថា ដោយសារតែកន្លងមក ក្រុមហ៊ុនគ្រប់គ្រងទឹកស្អាត នៅស្រុកស្ទឹងហាវ របស់លោក គុជ ម៉ុលី តែងតែមានការរិះគន់ ពីប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវថា នៅរដូវប្រាំង ការផលិតទឹករបស់ក្រុមហ៊ុនលោក គុជ ម៉ុលី មិនមានភាពស្តង់ដារ ទឹកមានក្លឹនស្អុយមិនបម្រើអោយបានទៅតាមតំរូវការ របស់ប្រជាពលរដ្ឋ និង មានតម្លៃថ្លៃ ហេតុដូចនេះទើបក្រសួងសម្រេចផ្អាកការផលិតទឹក របស់ក្រុមហ៊ុនលោក គុជ ម៉ុលី ហើយប្រគល់អាជ្ញាប័ណ្ណថ្មី ជូនដល់ក្រុមហ៊ុនអានកូវ៉ធឺរសឹបផ្លាយ ជាអ្នកគ្រប់គ្រងបណ្តាញទឹកស្អាត នៅស្រុកស្ទឹងហាវ ជំនួសវិញ ហើយក្រុមហ៊ុនអានកូ ត្រូវតែជំរុញការតបណ្តាញ ចែកចាយទឹក ជូនប្រជាពលរដ្ឋនៅស្រុកខាងលើ អោយបានឆាប់ហើយរួចរាល់ ដើម្បីបំរើអោយប្រជាពលរដ្ឋនៅរដូវប្រាំងខាងមុខ ហើយលក់ក្នុងតម្លៃសមរម្យ ដែលប្រជាពលរដ្ឋអាចទទួលយកបាន ៕
ដោយ៖ ឆ្លាមសមុទ្រ