មានមនុស្សស្លាប់កើនឡើងជិត៦០នាក់ហើយនៅក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្ទះដែលទុកធ្វើជាឃ្លាំងសម្រាប់រក្សាទុកនូវសារធាតុគីមី ស្ថិតក្នុងទីក្រុងបុរាណនៃប្រទេសបង់ក្លាដែស ។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង២២និង៤០នាទី ម៉ោងក្នុងតំបន់ កាលពីថ្ងៃទី ២០ខែកុម្ភៈ ហើយបានរាលដាលឆេះផ្ទះពលរដ្ឋអស់ជាច្រើនខ្នងនៅក្បែរនោះ។កម្លាំងជួយសង្គ្រោះពន្លត់អគ្គិភ័យបានចំណាយពេលជាង៥ម៉ោង ទើបអាចគ្រប់គ្រងបាន ។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ អណ្តាតភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយ ។ ក្រុមបន្លត់អគ្គិភ័យជាង២០០នាក់បានចូលរួមសកម្មភាពខាងលើ ។
ប្រភព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើង អាចបណ្តាលមកពីការផ្ទុះបំពង់ ហ្គាស ហើយបានរាលដាលយ៉ាងឆាប់រហ័សដោយនៅខាងក្នុងបានផ្ទុកវត្ថុងាយឆាបឆេះ ។ផ្ទះ៤ខ្នងនៅក្បែរនោះដែលបានប្រើប្រាស់ធ្វើជាឃ្លាំងស្តុកទំនិញ ក៏បានឆាប់ឆេះផងដែរ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មកទល់ពេលនេះមានអ្នកស្លាប់កើនឡើងដល់ទៅ៥៦នាក់ហើយ។
សារព័ត៌មានស៊ីនហួបានផ្សាយថា គ្រោះអគ្គិភ័យខាងលើកើតឡើងនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា ចំនួនជនរងគ្រោះអាចកើនច្រើនជាងនេះ ក្រោយពីភ្លើងបានឆេះរាលដាល រហូតដល់ជាង៥ម៉ោងរំលងអធ្រាត្រ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
លោកAli Ahmed Khan ប្រធានក្រុមពន្លត់អគ្គិភ័យបង់ក្លាដែស បានអះអាងថា មិនអាចបញ្ជាក់ប្រាប់ពីមូលហេតុ បង្កឲ្យអគ្គិភ័យនេះកើតឡើងនៅឡើយទេ ។ ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសអះអាងថា មនុស្សជាច្រើននាក់បានរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
គ្រោះអគ្គិភ័យតែងឆក់យកជីវិតពលរដ្ឋបង់ក្លាដែសរាប់រយនាក់ក្នុងមួយឆ្នាំៗ ដោយអាស្រ័យច្បាប់ស្តីអំពីសុវត្ថិភាព ក្នុងប្រទេសក្រីក្រមួយនេះ មិនត្រូវបានយកចិត្តទុកដាក់អនុវត្តនោះទេ ។ អគាររោងចក្រកាត់ដេរ Rana Plaza កាលពីឆ្នាំ២០១៣នោះ បានបាក់រលំសម្លាប់មនុស្សជាង១,១០០នាក់ ភាគច្រើនជាកម្មកររោងចក្រ ៕