ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ព្រមឲ្យមន្ត្រីកូរ៉េខាងជើង ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ជាលើកទីពីរ។
តាមច្បាប់ដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិ មន្ត្រីកូរ៉េខាងជើង ១២រូប ត្រូវបានហាមប្រាមចូលទៅកាន់ប្រទេសផ្សេងទៀត និងបង្កកទ្រព្យសម្បត្តិ។ នៅពេលនេះអង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យមន្ត្រីទាំងនោះទៅកាន់វៀតណាម រៀបចំជំនួបកំពូល ប៉ុន្តែ មិនទាន់ដឹងថា មន្ត្រីទាំង១២រូបនោះទៅវៀតណាមដែរឬទេ។
នៅពេលនេះដែរ លោក Kim Hyok Chol ប្រធានគណៈប្រតិភូកូរ៉េខាងជើងទទួលបន្ទុកពិភាក្សាជាមួយអាមេរិកបានទៅដល់ទីក្រុងហាណូយហើយ នៅវេលាម៉ោងជិត៧ តាមជើងហោះហើរពីទីក្រុងប៉េកាំង ។ លោក Kim Hyok Chol នឹងជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិក ស្តីពី របៀបវារៈនៃកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ។
រួមដំណើរជាមួយលោកKim Hyok Cholគឺលោក Kim Song Hyeប្រធានការិយាល័យយុទ្ធសាស្ត្រ របស់ក្រសួងបង្រួបបង្រួមជាតិ ព្រមទាំងលោកChoe Kang ilប្រធានទទួលបន្ទុកបញ្ហាអាមេរិកខាងជើង របស់ក្រសួងការបរទេស។
ក្រោយចុះពីយន្តហោះមន្ត្រីទាំងនោះបានឡើងទៅលើរថយន្តឆ្ពោះទៅកាន់មជ្ឈមណ្ឌលដែលត្រៀមរៀបចំកិច្ចប្រជុំកំពូល ។
លោកKim Hyok Chol បានឡើងគម្រោងជួបពិភាក្សាជាមួយលោក Stephen Giegunដែលនឹងទៅដល់ទីក្រុងហាណូយនៅព្រឹកថ្ងៃទី២១ខែកុម្ភៈនេះ ដើម្បីពិភាក្សាលើរបៀបវារៈនៃជំនួប រវាងប្រធានាធិបតីត្រាំនឹងប្រធានាធិបតី គីម ជុងអ៊ុន។
នៅក្នុងកិច្ចពិភាក្សាមុនជំនួបកំពូលកើតឡើងនោះ ភាគីទាំងពីរនឹង រៀបចំព្រាងច្បាប់ ទៅលើសេចក្តីប្រកាសរួម ក្រោយជំនួប កំពូលរវាងមេដឹកនាំប្រទេសទាំងពីរ ៕ ដោយ ៖ សាធី