ភ្នំពេញ ៖ កាលពីវេលាម៉ោង១០យប់ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីចោរគាស់ផ្ទះទំលុះទំលាយចូលលួចទ្រព្យសម្បត្តិ ស្ថិតនៅចំណុចផ្ទះលេខ២១០E៤ ផ្លូវលេខ២១៧ ក្រុមទី២៤ ភូមិ៥ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុឈ្មោះ សេង ទ្រី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងមាស ទីលំនៅផ្ទះកើតហេតុខាងលើ សម្ភារបាត់បង់រួមមាន ៖ កុំព្យូទ័រយួរដៃ៣គ្រឿង, លុយដុល្លារអាមេរិក៤០$, លុយខ្មែរ៦ម៉ឺនរៀល, មាសចំនួន៥តម្លឹង៨ជី។
តាមការបំភ្លឺពីឈ្មោះ សេង ទ្រី ភេទប្រុស ជាម្ចាស់ផ្ទះបានអោយដឹងថា សមាជិកក្នុងផ្ទះមានចំនួន០៥នាក់ ហើយនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ សមាជិកគ្រួសារទាំងអស់បាននាំគ្នាចេញពីផ្ទះទៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដើម្បីជូនដំណើរបងប្អូនចេញទៅប្រទេសអាមេរិកវិញ ដោយបានចាក់សោរទ្វារផ្ទះពីខាងក្រៅជាប់។ លុះរហូតដល់ម៉ោងកើតហេតុខាងលើពេលដែលនាំគ្នាត្រឡប់មកផ្ទះវិញឃើញទ្វារផ្ទះបើកចំហរ ក៏នាំគ្នាចូលទៅមើលក្នុងផ្ទះឃើញឥវ៉ាន់រើកកាយ និងទៅមើលថតតុធ្វើមាសតែមិនឃើញមាស ទើបដឹងថាចោរលួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ។
ក្រោយកើតហេតុ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញស្នាមក្រយ៉ៅម្រាមដៃ២ និងស្នាមក្រយ៉ៅបាតដៃ១ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវតាមស្វែងរកមុខជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី