ពលរដ្ឋជប៉ុនភាគច្រើន​ជំទាស់ទៅនឹងទីតាំងយោធាអាមេរិក​នៅអូគីណាវ៉ា

ចែករំលែក៖

ប្រទេសជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានថ្លែងកាលពីថ្ងៃទី២៥ ខែកុម្ភៈថា រដ្ឋាភិបាលបានទទួលយកលទ្ធផល ការធ្វើប្រជាមតិ ការទាមទារចង់បានរបស់អ្នកស្រុករស់នៅ Okinawa ។ ប៉ុន្តែផែនការផ្លាស់ប្តូរទីតាំងបន្ទាយទាហានអាមេរិកនោះ គឺមិនអាចប្រឆាំងបានឡើយ ។
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់នៅថ្ងៃទី​២៥ខែកុម្ភៈ​ថា គម្រោងរុះរើទីតាំងដ៏ចម្រូងចម្រាសនៃមូលដ្ឋានយោធាអាមេរិកនៅប្រជុំកោះអូគីណាវ៉ា នឹងពុំមានការប្រែប្រួលឡើយ ទោះបីជាប្រជាជននៅទីនោះបានធ្វើប្រជាមតិហើយសំឡេងភាគច្រើនបានជំទាស់នឹងផែនការនេះក៏ដោយ។
លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «វាមានរយៈពេល២០ឆ្នាំហើយ ចាប់តាំងពីជប៉ុននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាផ្លាស់ប្តូរទីតាំងមូលដ្ឋានទ័ព Futenma ដូច្នេះហើយយើងមិនអាចពន្យាពេលទៀតឡើយ» ។ ការបញ្ជាក់របស់ លោក អាបេ ធ្វើឡើងបន្ទាប់ពីប្រជាជនភាគច្រើននៅអូគីណាវ៉ា បានសម្តែងការជំទាស់ចំពោះគម្រោងនេះ នៅក្នុងការធ្វើប្រជាមតិមួយនាចុងសប្តាហ៍មុន។

គួរជម្រាបថា ប្រជុំកោះអូគីណាវ៉ាគឺជាដែនដីមួយចំរៀកតូចប៉ុណ្ណោះនៃប្រទេសជប៉ុន ក៏ប៉ុន្តែខេត្តនេះជាជម្រកនៃកម្លាំងទ័ពជាងពាក់កណ្តាល ក្នុងចំណោមទ័ពចំនួនប្រមាណជា៤៧,០០០នាក់របស់សហរដ្ឋអាមេរិក។ វត្តមានយោធាអាមេរិកដ៏ច្រើនបែបនេះ បានបង្កបញ្ហាផ្សេងៗដល់ប្រជាជនជប៉ុនដែលរស់នៅទីនោះ រួមមានទាំងសំឡេងរំខាន រហូតដល់គ្រោះថ្នាក់និងបទល្មើសនានា។

ដើម្បីបន្ធូរបន្ថយភាពតានតឹង សហរដ្ឋអាមេរិកនិងជប៉ុនបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩៦ ដើម្បីរុះរើបន្ទាយ Futenma ចេញពីតំបន់ដែលមានមនុស្សរស់នៅច្រើន ទៅកាន់ទីតាំងដាច់ឆ្ងាយមួយនៅជាប់ឆ្នេរសមុទ្រ នៅអូគីណាវ៉ាដដែល។ ប៉ុន្តែប្រជាជនអូគីណាវ៉ា ចង់ឃើញមូលដ្ឋានយោធានេះរើចេញពីអូគីណាវ៉ាតែម្តង ព្រោះថាបន្ទុកនៃការទទួលទ័ពអាមេរិកឲ្យឈរជើង គួរតែត្រូវចែករំលែកឲ្យស្មើភាពគ្នានៅទូទាំងប្រទេសជប៉ុន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print