លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំគណៈប្រតិភូក្រសួងថ្នាក់រដ្ឋលេខាធិការ ដើម្បីជួបសំណេះសំណាលការងារជាមួយគណៈកម្មការទី៣នៃរដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក)

ចែករំលែក៖

ភ្នំពេញ៖ តបតាមសំណើរបស់រដ្ឋសភា និងដោយមានការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងថ្នាក់រដ្ឋលេខាធិការ ដើម្បីជួបសំណេះសំណាលការងារជាមួយគណៈកម្មការទី៣នៃរដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) និងជម្រាបអំពីទិសដៅនិងផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នៅវិមានរដ្ឋសភា។

ក្រោយពីលោករដ្ឋមន្រ្តី បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្រសួង បេសកកម្ម និងសមិទ្ធផលការងារ បញ្ហាប្រឈមនិងវិធានការដោះស្រាយកន្លងមកនិងបច្ចុប្បន្ន ក៏ដូចជាទិសដៅនិងផែនការសកម្មភាពលើវិស័យធនធានទឹក និងឧតុនិយមដែលមានជាអាទិ៍: ការអនុវត្តយុទ្ធសាស្ត្រពាងទឹក ការគ្រប់គ្រងអាងទន្លេនិងធនធានទឹកចម្រុះ ការព្យាករអាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជម្រុញលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូជាដើម និងបន្ទាប់ពីបានផ្លាស់ប្តូរមតិយោបល់គ្នារួចមក ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា លោក ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់ លោករដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម រហូតមកដល់ពេលនេះ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ និងបានសំដែងនូវក្តីសង្ឃឹមនិងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្តនិងផែនការសកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នឹងធ្វើវិស័យធនធានទឹក ដើរតួនាទីកាន់តែសំខាន់ថែមទៀតក្នុងដំណើរទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។

កិច្ចជួបសំណេះសំណាល បានប្រព្រឹត្តិទៅក្រោមបរិយាកាសស្និតស្នាលជាភាតរៈ ក្នុងស្មារតីប្តេជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ សម្រាប់បន្តទ្រទ្រង់ និងជម្រុញដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងដោយចីរភាព ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print