គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយ គ្រឿងនៅឯ តំបន់ ផាធីវ៉ារ៉ា ស្លាប់មនុស្ស៧នាក់ និងអាកាសចរស៊ីវិល នេប៉ាល់ម្នាក់នៅឯតំបន់Pathivara ក្នុងស្រុក Taplejung នៃរដ្ឋគីរ៉ាត់Kirat ភាគខាងកើតប្រទេសនេប៉ាល់។
ហេតុការគ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា មនុស្សទាំង៧នាក់ ក្នុងនោះរួមមានទាំងរដ្ឋមន្រ្តីទេសចរណ៍ និងអាកាសចរស៊ីវិលនេប៉ាល់ លោក រ៉ាប៊ីនដ្រា អាឌីការី (Rabindra Adhikari) បានបាត់បង់ជីវិតក្នុងហេតុការនោះ។
បើតាមការបញ្ជាក់ពីប៉ូលិសនេប៉ាល់ ហេតុការណ៍ខាងកើតបានកើតឡើងនារសៀលថ្ងៃពុធនេះ ហើយឧទ្ធម្ភាគចក្ររបស់លោករដ្ឋមន្រ្តី បានដាច់ការទាក់ទង និងធ្លាក់នៅតាមផ្លូវធ្វើដំណើរត្រឡប់មកពីទីសក្ការបូជា Pathivara នៃស្រុក Taplejung បន្ទាប់ពីលោកបានធ្វើដំណើរជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ដើម្បីចុះទៅត្រួតពិនិត្យព្រលានយន្តហោះ តេរ៉ាថុម (Tehrathum)។ ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ទីភ្នាក់ងារ Air Dynasty ដែលបម្រើសេវាទេសចរណ៍តាមរយៈឧទ្ធម្ភាគចក្រ ដែលមានទីស្នាក់នៅរដ្ឋធានីកាត្មាន់ឌូនៃប្រទេសនេប៉ាល់។
គួរជម្រាបថា បុគ្គល០៦នាក់ផ្សេងនោះរួមមាន សហគ្រិនផ្នែកទេសចរណ៍ឈ្មោះ ឈឺរីង ហ្សែប៉ា (Chhiring Sherpa), ជំនួយការនាយករដ្ឋមន្រ្តីនេប៉ាល់ឈ្មោះ យូបារ៉ាច (Yubaraj Dahal), អ្នកបញ្ជាឧទ្ធម្ភាគចក្រឈ្មោះ ប្រាបាការ (Prabhakar KC), អង្គរក្សម្នាក់របស់លោក Adhikari ឈ្មោះ អាជន គុម៉ារ (Arjun Kumar Ghimire), អគ្គនាយករងនៃអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ លោក ប៊ីរិនដ្រា គុម៉ារ (Birendra Kumar Shrestha) និង មន្ត្រីអាកាសចរស៊ីវិលនេប៉ាល់ឈ្មោះ Dhruba Das។ ដោយឡែក មូលហេតុនៃការធ្លាក់ក៏មិនទាន់បានដឹងច្បាស់នៅឡើយទេ៕