ភ្នំពេញ៖ ពិតជាសរសើរភព្វសំណាង និងទេពកោសល្យរបស់តារាចម្រៀងស្រីលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា ដែលទទួលបានតំណែងថ្មីជាបន្តបន្ទាប់ក្នុងនាមជាគណកម្មការក្នុងកម្មវិធីប្រគួតចម្រៀងលំដាប់ពិភពលោកមួយចំនួនដែលត្រូវបានធ្វើឡើងនៅកម្ពុជា។
ការបង្ហាញខ្លួនក្នុងតំណែងជាគណៈកម្មការនៅកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយគឺ «X-Factor Cambodia» ដែលជាកម្មវិធីថ្មីសន្លាងមួយនៅប្រទេសកម្ពុជា នោះនាងទទួលបានបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាថ្មី។ ក្រៅពីតារាស្រីរូបនេះគេសង្កេតឃើញមានគណកម្មការថ្មីពីររូបគឺលោក ខេមរៈ សិរីមន្ត និងកញ្ញា សុខ សីឡាលីន ខណៈដែលជួបដៃគូចាស់លោក ណុប បាយ៉ារិទ្ធិដដែល។ អ្វីដែលគេចាប់អារម្មណ៍ចំពោះ ឱក សុគន្ធកញ្ញា នោះគឺនាងកាន់តំណែងយ៉ាងជាប់ណែនដៃ៣កម្មវិធីធំៗកន្លងមកហើយដូចជា កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» ទាំង ២ រដូវកាល កម្មវិធីប្រឡងចម្រៀងកុមារ «The Voice Kids Cambodia» ចំនួន ២ រដូវកាល និង កម្មវិធី «Cambodian Idol» ទាំង ៣ រដូវកាលបន្តបន្ទាប់គ្នា ។ ចុងក្រោយគឺនាងអាចទទួលបានឱកាសក្នុងកម្មវិធីថ្មីដែលល្បីល្បាញពាសពេញសាកលលោក។ កម្មវិធីនេះត្រូវបានគេដឹងថាត្រៀមនឹងបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខដែលជាកម្មវិធីប្រឡងចម្រៀងថ្មីប្លែកមួយទៀតទើបនឹងនាំចូលមកកម្ពុជាដោយទូរទស្សន៍ហង្សមាស ហើយបានប្រើប្រាស់សុទ្ធតែតារាចម្រៀងប្រចាំផលិតកម្មខ្លួនជាគណកម្មការ។ អ្នកសិល្បៈរួមជំនាន់បានសរសើរពីភព្វវាសនារបស់តារាស្រីរូបនេះដែលមិនត្រឹមតែលេចធ្លោរឈានមុខព្រោះសមត្ថភាពរបសនាងប៉ុណ្ណោះទេ នាងក៏មានអនាគតស្វាមីជាប់សាច់ឈាមនឹងថៅកែក្រុមហ៊ុនហង្សមាសផងដែរ។
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតចម្រៀង X-Factor គឺជាកម្មវិធីទូរទស្សន៍មួយដ៏ល្បីដែលមានប្រភពកំណើតមកពីប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះដែលបង្កើតឡើងដោយផលិតករទូរទស្សន៍ល្បីឈ្មោះជនជាតិអង់គ្លេសលោក Simon Cowell ។ កម្មវិធីនេះត្រូវបានបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកបានទិញសិទ្ធិយកទៅរៀបចំផលិត និងប្រកួតប្រជែង។ នៅកម្ពុជាកម្មវិធីនេះក៏បានចាប់ផ្តើមបើកទទួលយកពាក្យពីបេក្ខជនដែលមានបំណងចូលរួមប្រឡងផងដែរដែលបេក្ខជនត្រូវបានកំណត់ចាប់ពីអាយុ១៤ឆ្នាំឡើងទៅហើយអ្នកជាប់ជ័យលាភីនឹងទទួលបានរង្វាន់ទឹកប្រាក់សុទ្ធចំនួន១០០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រាជំនាន់ថ្មីរបស់ផលិតកម្មហង្សមាសផងដែរ៕ ដោយ វឌ្ឍនា