ខេត្តរតន:គិរី ៖ មានអំពើហិង្សាដោយចេតនាមួយ បានកើតឡើងនៅ ថ្ងៃព្រហស្បតិ៍ ៩ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩នៅត្រង់ចំណុចការដ្ឋាន៨ ក្នុងបរិវេណក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ បណ្តាលឲ្យស្រ្តីម្នាក់រងបួសធ្ងន់ ។
មន្រ្តីនគរបាលស្រុកកូនមុំបានឲ្យដឹងថា មុនកើតហេតុ មានស្រ្តី២នាក់ ស្រវឹងស្រាឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក រួចពួកគេយកកាំបិតដេញចាក់គ្នា ដែលអ្នកបង្ក មានឈ្មោះ នី ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កម្មករក្រុមហ៊ុន) រស់នៅភូមិត្រពាំងស្រង់ ឃុំរបាតជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ។
ចំណែកជនរងគ្រោះមាន ឈ្មោះ ធួន ណាន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កម្មករក្រុមហ៊ុន) រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(រងរបួសធ្ងន់ផ្នែកក្រោយខ្នង)។
នៅមុនពេលកើតហេតុ ស្រី្តទាំង២នាក់ ផឹកស្រាជុំគ្នាដល់ពេលស្រវឹង ក៍ទាស់ពាក្យសម្តីគ្នាហើយរួចជនបង្កយកកាំបិតចុងស្រួចចាក់ជនរងគ្រោះតែម្តង។ ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំចុះឃាត់ខ្លួនជនបង្កមកចាត់ការតាមនិតិវិធី៕