ប្រាក់កបង់ថង់កដាច! បន្លំលួចខ្សែកមាសម្ចាស់ក្របួចកអូសឲ្យនគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានអាជីវករលក់មាស ក្របួចកអូសឲ្យនគរបាលបន្តនីតិវិធី បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពបន្លំលួចខ្សែកមាស ប៉ុន្តែរត់គេចខ្លួនពីកណ្ដាប់ដៃម្ចាស់គេពុំរួច។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់តូបលក់មាស(ផ្សារបំណក់) ស្ថិតក្នុងភូមិការប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យដែលក្រុមម្ចាស់អាជីវករលក់មាសចាប់ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលឈ្មោះ រឿន រិត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I 9440 ។

លោក អធិការបន្តថា មុនធ្វើសកម្មភាពជនសង្ស័យរូបនេះ បានដោះស្លាកលេខម៉ូតូរបស់ខ្លួនដាក់ក្នុងកាបូបរួចបញ្ឆេះម៉ូតូទុកនៅក្បែនោះ ទើបដើរចូលទៅតូបលក់មាសរបស់ឈ្មោះ លី ហៀក ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ដើម្បីទិញខ្សែកមាសចំនួន ៣ខ្សែ ស្មើនឹងទម្ងន់ចំនួន ១តំឡឹង ៥ជី ខណៈដែលជនសង្ស័យមើលខ្សែកចុះឡើងៗ ក៍រត់មកឡើងជិះម៉ូតូដែលខ្លួនបានត្រៀមទុកជាស្រាច់ ប៉ុន្តែនៅតែមិនរួចពីកណ្ដាប់ក្រុមអាជីវករទាំងនោះ។

លោក បន្តទៀតថា ជនសង្ស័យ និងមធ្យោបាយម៉ូតូបាននាំយកមក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print