ភ្នំពេញ ៖ តៃកុងកង់បីឥណ្ឌាម្នាក់បានរងរបួសធ្ងន់ និងបុរស២នាក់ទៀតរបួសស្រាល ខណះកំពុងធ្វើដំណើរតាមដងផ្លូវឈប់ស្ទុបក្រហម ត្រូវបានបុរសម្នាក់បើករថយន្តអាបែន បុករះពីក្រោយកង់បីឥណ្ឌាឲ្យក្រឡាប់ និងម៉ូតូ២គ្រឿងរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្ទុប វត្តនាគវ័ន្ត តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សម្ភារៈដែលខូចខាតរួមមាន ៖ កង់បីឥណ្ឌា១គ្រឿង ម៉ូតូហុងដាឌ្រីម២គ្រឿង និងបង្គោលភ្លើងមួយដើម ។
តាមសម្ដីបុរសម្នាក់ជាម្ចាស់ម៉ូតូរងគ្រោះរបួសស្រាល បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតកំពុងឈប់ស្ទុបក្រហម ត្រង់ចំណុចកើតហេតុខាងលើ ខណះពេលនោះក៏មានរថយន្តបង្កម៉ាក CHENGLONG ប្រភេទអាបែនធុនធំ ពាក់ស្លាកលេខភ្នំពេញ3D-1632 បានធ្វើដំណើរមកពីក្រោយទិសដៅពីលិចទៅកើតស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ។
គ្រានោះ ដោយឃើញសភាពមិនស្រួល បុរស២នាក់ជាម្ចាស់ម៉ូតូរងគ្រោះរបួសស្រាល បានលោតចេញពីម៉ូតូ ហើយរថយន្តបង្កក៏បុករះម៉ូតូទាំង២គ្រឿងចំពីក្រោយពេញទំហឹងតែម្ដង និងបន្តបុកបង្គោលភ្លើងបាក់មួយដើម និងកង់បីឥណ្ឌាពីក្រោយឲ្យក្រឡាប់គៀបជាប់របងនៅចញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់ជាតៃកុងកង់បីឥណ្ឌារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ។ រីឯបុរស២នាក់ដែលជាម្ចាស់ម៉ូតូ២គ្រឿងរងការខូចខាតនោះ បានរងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានចាប់បុរសម្នាក់ជាតៃកុងរថយន្តបង្ក ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងតាមក្រោយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូការខូចខាតទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕ដោយ៖ ភារ៉ា ដង្កោ