ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពីបទប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះពីរនាក់ នៅចំណុចភូមិឆ្អឹងជំនី ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង កាលពីវេលាម៉ោង ៩និង៣៥នាទី យប់ថ្ងែទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ ទី១.ឈ្មោះ វណ្ណៈ ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិឆ្អឹងជំនី ឃុំកញ្រ្ជៀច និងទី២.ឈ្មោះ ផន នីសារ ហៅ ព្រែក ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ និងរឹបអូសបានដាវមួយ ប្រវែង ៧៥ ស.ម ។ ដោយឡែកជនរងគ្រោះ ទី១.ឈ្មោះ ប៉ុន សំអូន ភេទប្រុស អាយុ ៥១ឆ្នាំ ជានាយប៉ុស្តិ៍ កញ្រ្ជៀច រស់នៅភូមិ ទូលពពេលនិងទី២.ឈ្មោះ សូ សុខា ភេទប្រុស អាយុ ២៩ឆ្នាំ ជាមន្ត្រីប៉ុស្តិ រដ្ឋបាល ឃុំកញ្រ្ជៀច រស់នៅភូមិឆ្អឹងជំនី ឃុំកញ្រ្ជៀច។
ប្រភពដដែលបានបន្ដថា មូលហេតុដែលនាំឲ្យកើតមានអំពើឃាតកម្មនេះ បណ្តាលមកពី ជនរងគ្រោះជានគរបាល បានជិះម៉ូតូល្បាតនៅពេលយប់។ លុះដល់ចំណុចកើតហេតុ ជនសង្ស័យ ទាំងពីរនាក់ បានពូនស្ទាក់ចាំ វាយតែម្តងតែមិនបានសម្រេច ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះ វណ្ណៈ ពិសិដ្ឋ នៅអធិការដ្ឋាន នគរបាលស្រុកកញ្រ្ជៀច។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ផន នីសា រត់គេចខ្លួនបាត់ ពីមូលដ្ឋាន ហើយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរក និងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕ សហការី