ខេត្តតាកែវ: ចាត់ទុកជាឈាមស្រែកស្បែកហៅក៏ថាបាន ដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តតាកែវតាមប្រមាញ់និងចាប់បានឃាតកដៃដល់សម្លាប់ស្រ្តីខារ៉ាអូខេម្នាក់ក្នុងផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី រួចគេចខ្លួនមិនបានមួយថ្ងៃផងនោះ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តតកែវបានឲ្យដឹងថាឃាតកដៃដល់ឈ្មោះ សុខ ច័ន្ទលីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃអង្គារ ១៤ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីគេចសំងំលាក់ខ្លួននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពេលសម្លាប់នារីជាសង្សារបម្រើការនៅហាងខារ៉ាអូខេក្នុងផ្ទះសំណាក់រួច ។
នារីជនរងគ្រោះមានឈ្មោះ យិន ស្រីដា ភេទស្រី អាយុ ២១ឆ្នាំ ភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ បំរើការងារហាងជុំមិត្ត ១៦៨ ។
សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន មានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាស្ត្រីបម្រើការងារហាងខារ៉ាអូខេម្នាក់ដេកស្លាប់ នៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីនគរបាលក្រុងដូនកែវបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ យិន ស្រីដា ភេទ ស្រី អាយុ២១ឆ្នាំ ស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរ នារីខារ៉ាអូខេជុំមិត្ត ។
តាមបុគ្គលិកផ្ទះសំណាក់យីហោ ប៉ាអ៊ី ម៉ាក់អ៊ី បានឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ ជនរងគ្រោះត្រូវបានបុរសវ័យក្មេងម្នាក់(សង្ស័យត្រូវជាសង្សារ)ដឹកតាមម៉ូតូមួយគ្រឿងមកជួលបន្ទប់ផ្ទះសំណាក់ខាងលើមួយយប់មួយថ្ងៃ ។
រហូតដល់១១និង៣០នាទីព្រឹកថ្ងៃទីថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បុរសជាសង្សារបាន ចុះមកទាញម៉ូតូជិះចេញ ដោយប្រាប់បុគ្គលិកផ្ទះសំណាក់ថា ទៅទិញបាយយកមកហូប ហើយបុគ្គលិកក៏មិនបានចាប់អារម្មណ៍ដែរ ។
លុះរហូតដល់ម៉ោង ១និង៣០នាទីរសៀលថ្ងៃ ដដែល មិនឃើញបុរសនេះត្រឡប់មកវិញ និងដឹងថាស្រ្តីរងគ្រោះកំពុងដេកក្នុងបន្ទប់ម្នាក់ឯង មិនព្រមក្រោករកបាយទឹកហូបក៏នាំគ្នាទៅបើកបន្ទប់មើល ស្រាប់តែឃើញស្រ្តីរងគ្រោះ ដេកស្លាប់នៅលើគ្រែមិនដឹងតាំងពីពេលណាទើប បង្កការភ្ញាក់តែម្តង ។
ឃាតកដៃដល់បានសារភាព បានជាគេលើកដៃច្របាច់កសម្លាប់សង្សាររូបនេះ ដោយសារគេប្រចណ្ឌ ដែលនាងអោបរឹតប្រុសច្រើននៅក្នុងហាងខារ៉ាអូខេហើយគេនិយាយហាមឃាត់មិនស្តាប់ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តតាកែវកំពុងកសាងសំណុំរឿងឃាតកម្មនេះបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕