ឈាមស្រែកស្បែកហៅ ចាប់ឃាតកសម្លាប់ស្រ្តីខារ៉ាអូខេក្នុងផ្ទះសំណាក់ប៉ាអ៊ី ម៉ាក់អ៊ីបានហើយ!

ចែករំលែក៖

ខេត្តតាកែវ: ចាត់ទុកជាឈាមស្រែកស្បែកហៅក៏ថាបាន ដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ​ខេត្តតាកែវតាមប្រ​មាញ់និងចាប់បានឃាតកដៃដល់សម្លាប់ស្រ្តីខារ៉ាអូខេម្នាក់ក្នុងផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី រួចគេចខ្លួនមិនបានមួយថ្ងៃផងនោះ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តតកែវបានឲ្យដឹងថាឃាតកដៃដល់ឈ្មោះ សុខ ច័ន្ទលីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃអង្គារ ១៤ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីគេចសំងំលាក់ខ្លួននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពេលសម្លាប់នារីជាសង្សារបម្រើការនៅហាងខារ៉ាអូខេក្នុងផ្ទះសំណាក់រួច ។

នារីជនរងគ្រោះមានឈ្មោះ យិន ស្រីដា ភេទស្រី អាយុ ២១ឆ្នាំ ភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ បំរើការងារហាងជុំមិត្ត ១៦៨ ។

សូមបញ្ជាក់ថា  ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន មានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាស្ត្រី​បម្រើ​ការងារហាង​ខារ៉ាអូខេម្នាក់ដេកស្លាប់ នៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី បង្កការភ្ញាក់ផ្អើល នៅ​វេលាម៉ោង ១ និង១០នាទីរសៀល ថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិស្នោរ សង្កាត់​រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

មន្ត្រីនគរបាលក្រុងដូនកែវបានឲ្យដឹងថា  ជនរងគ្រោះ មានឈ្មោះ យិន ស្រីដា ភេទ ស្រី អាយុ២១ឆ្នាំ ស្រុកកំណើត​​នៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរ នារីខារ៉ាអូខេជុំមិត្ត ។

តាមបុគ្គលិកផ្ទះសំណាក់យីហោ ប៉ាអ៊ី ម៉ាក់អ៊ី បានឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ ​២០១៩ ជនរងគ្រោះត្រូវ​បាន​បុរសវ័យក្មេងម្នាក់(សង្ស័យត្រូវជាសង្សារ)ដឹកតាមម៉ូតូមួយគ្រឿងមកជួលបន្ទប់ផ្ទះ​សំណាក់ខាងលើមួយយប់មួយថ្ងៃ ។

រហូតដល់១១និង​៣០​នាទីព្រឹកថ្ងៃទីថ្ងៃចន្ទ ១៣ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បុរសជាសង្សារបាន ចុះមកទាញម៉ូតូជិះចេញ ដោយប្រាប់បុគ្គលិកផ្ទះសំណាក់ថា ទៅទិញបាយយកមកហូប ហើយបុគ្គលិកក៏មិនបានចាប់អារម្មណ៍ដែរ ។

លុះរហូតដល់ម៉ោង ១និង៣០នាទីរសៀលថ្ងៃ ដដែល មិនឃើញបុរសនេះត្រឡប់មកវិញ និងដឹងថាស្រ្តីរងគ្រោះកំពុងដេកក្នុងបន្ទប់ម្នាក់ឯង មិនព្រមក្រោករកបាយទឹកហូបក៏នាំគ្នាទៅបើកបន្ទប់មើល ស្រាប់តែឃើញស្រ្តីរងគ្រោះ ដេកស្លាប់នៅលើគ្រែមិនដឹងតាំងពីពេលណាទើប បង្កការភ្ញាក់តែម្តង ។

ឃាតកដៃដល់បានសារភាព បានជាគេលើកដៃច្របាច់កសម្លាប់សង្សាររូបនេះ ដោយសារគេ​ប្រចណ្ឌ ដែលនាង​អោបរឹតប្រុសច្រើននៅក្នុងហាងខារ៉ាអូខេហើយគេនិយាយហាមឃាត់​មិនស្តាប់ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តតាកែវកំពុងកសាងសំណុំរឿងឃាតកម្មនេះបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បី​ចាត់ការតាម​​នីតិ​វិធីច្បាប់៕ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print