ខេត្តព្រះសីហនុ៖ មន្ត្រីសាលាខេត្តព្រះសីហនុសុំមិនបញ្ចេញឈ្មោះបានខ្សិបប្រាប់នគរវត្តថា កាលពីសប្តាហ៍មុននេះ មានការចេញប្លង់កម្មសិទ្ធដីបឹងព្រែកទប់ប្រភពទឹកស្អាតនេះប៉ុន្មានប្លង់ទៀតហើយដូចនេះបាតុភាពនេះគ្មានការថមថយអ្វីនោះទេ គឺមានតែការឃុបឃិតគ្នាចេញប្លង់កម្មសិទ្ធបន្ថែមទោះបីមានការព្រមានខ្លាំងៗពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃពេលកន្លងទៅថ្មីៗនេះក្តី ។
មន្ត្រីសាលាខេត្តរូបនោះបានលើកឡើងថា កន្លងមកក្រុមអ្នករំលោភដីបឹងព្រែកទប់បានអះអាងថា កន្លងមកទោះបីលោកឈិតសុខុន អតីតអភិបាលខេត្តព្រះសីហនុមិនព្រមចុះហត្ថលេខាលើសំណុំបែបបទក្នុងការចេញប្លង់កម្មសិទ្ធដីបឹងព្រែកទប់ឲ្យពួកគេក្តីក៏ពួកគេមិនព្រួយបារម្ភដែរ ព្រោះអភិបាលខេត្តថ្មី ដែលត្រូវប្តូរតំណែងពេលនេះជាបងប្អូនពួកគេដូចនេះពួកគេមិនខ្វល់នោះទេ ស្រាប់តែពេលនេះការទទួលតំណែងមិនទាន់បានបីខែល្អផងក៏មានការចុះហត្ថលេខាចេញប្លង់កម្មសិទ្ធដីបឹងព្រែកទប់នោះដូចការអះអាងប្រាកដមែន ។
ពាក់ពន្ធ័និងករណីនេះមន្ត្រី មន្ទីរដែនដីនគរូបណីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុម្នាក់បានឲ្យដឹងថា រឿងនេះមិនហ៊ាននិយាយទេ ស្រេចលើអ្នកកាសែតធ្វើការស្រាវជ្រាវទៅដឹងហើយ ។
គួររំលឹកដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានធ្ងន់ៗចំពោះមន្ត្រីរាជការ ក្នុងក្រុងព្រះសីហនុទាំងអស់ដែលមានការពាក់ពន្ធ័ដីបឹងព្រែកទប់ប្រភពទឹកស្អាតក្នុងក្រុងព្រះសីហនុឲ្យដកខ្លួនចេញជាបន្ទាន់មុននិងអនុវត្តច្បាប់ ។ សម្តេចក្រឡាហោម ស ខេងបានព្រមានត្រង់ៗខាងលើនេះពេលដែលសម្តេចបានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងលោក យន្ត មីនជាអភិបាលខេត្តព្រះសីហនុ ពេលកន្លងទៅថ្មីៗនេះ ប៉ុន្តែហាក់បីដូចជាគ្មានប្រសិទ្ធភាពចំពោះក្រុមអ្នករំលោភដីបឹងព្រែកទប់នោះទេ ៕
,
ដោយ៖ ឆ្លាមសមុទ្រ