ប្រទេសឥណ្ឌូនេសុី៖ ឥណ្ឌូនេស៊ីជាប្រទេសងាយរងគ្រោះធម្មជាតិធ្ងន់ធ្ងរ មានខ្យល់ព្យុះ ទឹកជំនន់ ការរញ្ជួយដីខ្លាំងបំផុតនៅក្នុងតំបន់និងលើពិភពលោក ដោយសារតែប្រទេសនេះស្ថិតនៅតំបន់ភូមិសាស្ត្រខ្សែក្រវ៉ាត់នៃភ្នំភ្លើងរបស់ផែនដី ។
កាលពីថ្ងៃទី១៧ខែមីនា ក្រោយការរញ្ជួយដី ពីរលើកផ្ទួនៗគ្នានៅក្នុងតំបន់ Lombok ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យបាក់ដី សម្លាប់មនុស្ស ២នាក់និងរបួស ៣៥នាក់ ។ អ្នកទេសចរណ៍ប្រហែល៤០នាក់ បានកម្សាន្ត ទៅកាន់តំបន់ទឹកធ្លាក់ Tiu Kelep ភាគខាងជើងដែនកោះរមណីយដ្ឋាន Lombok ក្នុងអំឡុងពេលដែលមានហេតុការណ៍បាក់ដីកើតឡើងនោះ ។
ក្រុមជួយសង្គ្រោះ ពេលនេះ កំពុងស្វែងអ្នកជនរងគ្រោះទាំងនោះដែលនៅបាត់ខ្លួន ។ មនុស្ស៣នាក់ប៉ុណ្ណោះបានរកឃើញ ក្នុងនោះ២នាក់បានស្លាប់ ។ពេលនេះ ជោគវាសនាជនដែលនៅបាត់ខ្លួនជិត៤០នាក់នេះ មិនទាន់ដឹងថា ក្លាយទៅជាយ៉ាងណាទេ ។ មិនទាន់ដឹងថា នៅរស់ ឬក៏ស្លាប់ឡើយ ។
សារព័ត៌មាន the Jakarta Post បានផ្សាយថា អ្នកទេសចរណ៍៤០នាក់ប៉ះពាល់ដោយសារការបាក់ដីនៅជុំវិញតំបន់រមណីយដ្ឋាន Lombok នេះ ។ ជនរងគ្រោះភាគច្រើន ជាពលរដ្ឋម៉ាឡេស៊ី និងភ្ញៀវទេសចរណ៍ ក្នុងស្រុក ។ ពលរដ្ឋម៉ាឡេស៊ីសរុប២២នាក់បាត់ខ្លួនក្នុងករណីបាក់ដីនេះ។
កាលពីឆ្នាំមុន មនុស្សជិត៥០០នាក់បានស្លាប់នៅក្នុងតំបន់រមណីយដ្ឋាន Lombok នេះដែរ ដោយសារតែការរញ្ជួយដីច្រើនលើកច្រើនគ្រា បាក់រលំអគារ ខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គិតតម្លៃទឹកប្រាក់ប្រហែល៥០០លានដុល្លារ ។
ហេតុការណ៍ដោយឡែក ពាក់ព័ន្ធគ្រោះទឹកជំនន់ និងបាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅខេត្តភាគខាងកើតបំផុត Papua របស់ឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងតិច៥៨នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។ ប៉ូលិសបានប៉ាន់ប្រមាណកាលពីថ្ងៃទី១៧ ខែមីនាថា មនុស្សជាង៤ពាន់ទៀតគ្មានទីជម្រក ។
ពេលថ្មីនេះ ឥណ្ឌូនេស៊ីក៏រងការវាយប្រហារដោយគ្រោះទឹកជំនន់ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ កាលពីថ្ងៃទី ១៦មីនា សាកសពមនុស្សដែលត្រូវបានរកឃើញ ក្រោយការវាយលុកពីទឹកជំនន់នៅខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ បានកើនដល់៦៣នាក់ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅដដែល ដោយសារនៅមានមនុស្សមួយចំនួនទៀតបាត់ខ្លួន។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ ក្រៅពីផ្តាច់ជីវិតមនុស្ស បានបង្កការបំផ្លិចបំផ្លាញដល់សំណង់អគារ ផ្ទះសម្បែរ ស្ពាន និងប្រព័ន្ធរចនាសម្ព័ន្ធឯទៀតៗ ជាមួយគ្នានេះ មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះ ក៏ប៉ុន្តែមានអ្នករងរបួសដល់ទៅ៥៩នាក់ ដោយក្នុងនោះ២១នាក់របួសធ្ងន់។
គួរជម្រាបថា គ្រោះទឹកជំនន់ខាងលើបានកើតឡើងកាលពីវេលាម៉ោង០៦៖០០នាទីយប់ថ្ងៃសៅរ៍ (ម៉ោងនៅឥណ្ឌូណេស៊ី) និងបានបង្ខំឲ្យអ្នករស់នៅក្នុងតំបន់ Sentani ប្រមាណ៣,០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដើម្បីទៅរកទីកន្លែងសុវត្ថិភាព។ គ្រោះរអិលបាក់និងទឹកជំនន់ តែងតែកើតមានឡើងជារឿយៗ នៅក្នុងប្រទេសឥណ្ឌូណស៊ី ជាពិសេសក្នុងអំឡុងរដូវធ្លាក់ភ្លៀង ដែលជាទូទៅនៅចន្លោះខែកក្កដានិងមេសា៕
ដោយ៖ មែវ សាធី