ជាលើកទីមួយចាប់តាំងពីឆ្នាំ២០១១មកទល់ពេលនេះ ពលរដ្ឋថៃបានចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំដែលអាចសម្រេចជោគវាសនារបស់ ប្រទេសជាតិ ក្រោយការកាន់អំណាច របស់យោធាចាប់តាំងពីឆ្នាំ២០១៤មកទល់ពេលនេះ ។
ពលរដ្ឋជិត៣លាននាក់ បានទៅបោះឆ្នោតមុនកំណត់ នៅទីក្រុងប៉ាងកក ដែលមានទីតាំងបោះឆ្នោតមុនកំណត់ដល់ទៅ៧៧កន្លែងទូទាំងទីក្រុង ។ គណៈកម្មការរៀបចំការបើឆ្នោតថៃ កាលពីថ្ងៃទី១៧ខែមីនា បានសម្រេចចាប់ផ្តើមបោះឆ្នោតមុនពេលកំណត់នៅតាមតំបន់មួយចំនួន ដើម្បីសម្រួលដល់ពលរដ្ឋថៃនៅឆ្ងាយ ក្រៅប្រទេស។ អ្នកដែលបានចូលរួមបោះឆ្នោតមុនកំណត់ គឺដល់ដល់ថ្ងៃទី២៤ខែមីនា មិនអនុញ្ញាតឲ្យទៅបោះឆ្នោតម្តងទៀតឡើយ។
ការបោះឆ្នោតមុនកំណត់នេះ មានមនុស្សរាប់ម៉ឺនសែននាក់បាននាំគ្នាមកតំរៀបជួរនៅសាលារៀន កន្លែងចតរថយន្តនិងវត្តនៅទូទាំងប្រទេសថៃកាលពីថ្ងៃអាទិត្យទី១៧មីនា នៅក្នុងការបោះឆ្នោតមុនកាលកំណត់មួយសប្តាហ៍សំរាប់ជនជាតិថៃរស់នៅនិងធ្វើការនៅបរទេស និងជនជាតិថៃដែលមានភារកិច្ចចាំបាច់នៅចំថ្ងៃបោះឆ្នោតផ្លូវការ។ ជនជាតិថៃជាង២,៣លាននាក់ត្រូវរំពឹងថាបានបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការនៅថ្ងៃ២៤មីនា។
ពលរដ្ឋថៃ ជាង៥១លាននាក់ មានសិទ្ធិបោះឆ្នោត នឹងត្រូវទៅបោះឆ្នោតនៅថ្ងៃ២៤មីនា ក្រោមរដ្ឋធម្មនុញ្ញថ្មីដែលតាក់តែងឡើងដោយក្រុមយោធា។ពួកអ្នកវិភាគនិយាយថា ប្រព័ន្ធបោះឆ្នោតថ្មីនេះអំណោយផលដល់គណបក្សដែលមានទំនាក់ទំនងជាមួយរបបយោធារបស់លោកប្រាយុទ្ធ ចានអូចា ដែលក៏កំពុងឈរឈ្មោះជានាយករដ្ឋមន្ត្រីអាណិត្តថ្មីក្នុងគណបក្សថ្មីមួយដែលបង្កើតឡើងដោយសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក៕