តុលាការខេត្តកណ្តាលលើកពេលប្រកាសសាលក្រមសំណុំរឿងនាង ហ្គិច​​ កំពូលសម្បូររឿងអាស្រូវមិនកំណត់ពេលវេលា

ចែករំលែក៖

ខេត្តកណ្តាល: ជនជាប់ចោទស្ត្រីឈ្មោះ​ កែវ​ រតនៈ​ ហៅ​ ហ្គិច ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ជាច្រើន​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផងដែរនោះ​នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ មន្ត្រីពន្ធនាគារជាច្រើននាក់ បានអមដំណើរនិងយាមកាមយ៉ាងចិត្តទុកដាក់ បញ្ជូនមកសាលាដំបូងខេត្តកណ្តាល ដើម្បីសម្រេចប្រកាសសាលក្រមផ្តន្ទាទោស តែដោយសារអវត្តមានរបស់លោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំជម្រះ​និងជាប្រធានសាលាដំបូងខេត្តកណ្តាល ជាប់សន្និបាតបូកសរុបបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨​ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩​ របស់រដ្ឋបាលខេត្ត​កណ្តាល បើតាមការបញ្ជាក់ពីលោក សូរ សារិន ប្រធានលេខាធិការដ្ឋាន​និងជាអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកណ្តាល។

សំណុំរឿងនេះមានលោក ហុក វ៉ាន់ធីណា ជាចៅក្រមជំនុំជម្រះ​និងមានការចូលរួមពីលោក ឯក ស៊ុនរស្មី​ ជាតំណាងអយ្យការ។

ជនជាប់ចោទឈ្មោះ​ កែវ​ រតនៈ​ ហៅ​ ហ្គិច ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ត្រូវបានលោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារ​បណ្តោះអាសន្នបីបទល្មើស” ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ គំរាមកំហែង​ថា​នឹង​សម្លាប់​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយសារ​ការ​ប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល​”ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម​និង​ក្តា​កុង​ផ្លាកេ​ ប្រាយវ៉េ​ ហ្វើនីឈ័រ​ ភូមិ​ទឹក​ជា​ ឃុំ​ពើក​ ស្រុក​អង្គស្នូល​ ខេត្តកណ្តាល​ កាលពី​អំឡុង​ឆ្នាំ​២០១៨​ តាម​មាត្រា​៧៨ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ និង​មាត្រា​៦៣០​ ,២៣៣​ ,៤១៣នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

គួរ​បញ្ជាក់​ថា​ នៅមុនពេលកើតហេតុ​ គឺ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា​ មានករណី​អគ្គិភ័យ​ឆាបឆេះបានកើតឡើង ទើប​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋបានជួយពន្លត់ ដោយប្រើរថយន្តពន្លត់​អគ្គិភ័យ​របស់​ទ័ព​ឆត្រយោង​៩១១​ អស់ពីរ​គ្រឿង ប្រើប្រាស់ឡាន​ទឹក អស់៦​គ្រឿង​ ទើប​រលត់​ជា​ស្ថាពរ​។

តាមសាក្សីបំភ្លឺ​ឈ្មោះឃឿន​ ធឿន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ជាកម្មករ​ គឺ​​បានឃើញរថយន្តមួយគ្រឿង​មានគ្នា​៤ទៅ៥នាក់ចូលទៅដុតឈើ​  ហើយបានគំរាមមិនឱ្យចូលពន្លត់ភ្លើងកំពុង​ឆេះនោះទេ​  ដោយ​ប្រពន្ធ​ម្ចាស់រោងចក្រ​ ឈ្មោះ​ កែវ​ រតនៈ​ ហៅ​ហ្គិច​ បើកបររថយន្តម៉ាក​ឡិចស៊ីស​៥៧០​ ស៊េរី​ឆ្នាំ​២០​១៧​  ពាក់ផ្លាកលេខ​ ខម​-៦៧៦២ ជាអ្នកដុត​ ។

បន្ទាប់​ពី​បង្ក​ហេតុ​រួច​ នាង​ហ្គិច​ បើក​ឡាន​រត់​គេច​ខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​មក​វិញ​ ។

នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ​ ដែល​ស្ត្រី​ឈ្មោះ​ កែវ​ រតន​:​ ហៅ​ ហ្គិ​ច​ បាន​បង្ក​ការ​អុកឡុក​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ​។​ កាលពី​ដប់​ឆ្នាំ​មុន​ ស្ត្រី​រូប​នេះ​ធ្លាប់​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ​ នៅ​ជិត​វត្ត​សន្សំ​កុសល​ ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទ​ បាញ់បោះ​សេរី​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ។​

ក្រោយមក​ចុងឆ្នាំ​២០១៦​ កន្លង​ទៅ​ ស្ត្រី​រូប​នេះ​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​ពីរ​រូប​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ ខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ​ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print