ខេត្តកណ្តាល: ជនជាប់ចោទស្ត្រីឈ្មោះ កែវ រតនៈ ហៅ ហ្គិច ដែលធ្លាប់មានរឿងអាស្រូវជាច្រើននិងធ្លាប់ជាប់ពន្ធនាគារផងដែរនោះនៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ មន្ត្រីពន្ធនាគារជាច្រើននាក់ បានអមដំណើរនិងយាមកាមយ៉ាងចិត្តទុកដាក់ បញ្ជូនមកសាលាដំបូងខេត្តកណ្តាល ដើម្បីសម្រេចប្រកាសសាលក្រមផ្តន្ទាទោស តែដោយសារអវត្តមានរបស់លោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំជម្រះនិងជាប្រធានសាលាដំបូងខេត្តកណ្តាល ជាប់សន្និបាតបូកសរុបបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកណ្តាល បើតាមការបញ្ជាក់ពីលោក សូរ សារិន ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកណ្តាល។
សំណុំរឿងនេះមានលោក ហុក វ៉ាន់ធីណា ជាចៅក្រមជំនុំជម្រះនិងមានការចូលរួមពីលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ។
ជនជាប់ចោទឈ្មោះ កែវ រតនៈ ហៅ ហ្គិច ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ត្រូវបានលោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នបីបទល្មើស” ប្រើប្រាស់ឯកសារសាធារណៈក្លែង គំរាមកំហែងថានឹងសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល”ប្រព្រឹត្តនៅចំណុចរោងចក្រផលិតគ្រឿងសង្ហារឹមនិងក្តាកុងផ្លាកេ ប្រាយវ៉េ ហ្វើនីឈ័រ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨ តាមមាត្រា៧៨ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០ ,២៣៣ ,៤១៣នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺសមត្ថកិច្ចទទួលព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះបានកើតឡើង ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋបានជួយពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ទ័ពឆត្រយោង៩១១ អស់ពីរគ្រឿង ប្រើប្រាស់ឡានទឹក អស់៦គ្រឿង ទើបរលត់ជាស្ថាពរ។
តាមសាក្សីបំភ្លឺឈ្មោះឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ គឺបានឃើញរថយន្តមួយគ្រឿងមានគ្នា៤ទៅ៥នាក់ចូលទៅដុតឈើ ហើយបានគំរាមមិនឱ្យចូលពន្លត់ភ្លើងកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់រោងចក្រ ឈ្មោះ កែវ រតនៈ ហៅហ្គិច បើកបររថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ខម-៦៧៦២ ជាអ្នកដុត ។
បន្ទាប់ពីបង្កហេតុរួច នាងហ្គិច បើកឡានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បានមកវិញ ។
នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះ កែវ រតន: ហៅ ហ្គិច បានបង្កការអុកឡុកធ្វើឱ្យភ្ញាក់ផ្អើលដល់សង្គមនោះ។ កាលពីដប់ឆ្នាំមុន ស្ត្រីរូបនេះធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោសពីបទ បាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ។
ក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ ស្ត្រីរូបនេះបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជនពីររូប ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ ៕ ឆ ដា