នៅពេលនេះរដ្ឋាភិបាលបារាំងនឹងចាត់វិធានការតឹងតែងទៅលើក្រុមបាតុករអាវលឿង ដែលបានបង្ករអសន្តិសុខនៅក្នុងសង្គមមិនចេញចប់ជាច្រើនខែកន្លងមក ។ នៅពេលនេះ រដ្ឋាភិបាលបារាំង បានសម្រេចដកតំណែង ស្នងការប៉ូលិស ទីក្រុងប៉ារីស ហើយប្រកាសថានឹងបញ្ជប់ការធ្វើបាតុកម្មអាវកាក់លឿងនៅទីក្រុងប៉ារីស Bordeaux និង Toulouse ប្រសិនបើបង្កឲ្យមានអំពើហិង្សានោះ។
នាយករដ្ឋមន្ត្រីបារាំង លោក Edourarad Philippe បានប្រកាសពីវិធានការតឹងតែងបំផុតកាលពីថ្ងៃទី១៨ខែកុម្ភៈក្រោយរដ្ឋាភិបាលបរាជ័យនៅក្នុងសកម្មភាពទប់ស្កាត់ អំពើហិង្សាចលាចល នៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍កន្លងមក ។
លោក Edourarad Philippe បានប្រកាសតាមបណ្តាញទូរទស្សន៍ ថា« ចាប់តាំងពីសប្តាហ៍ក្រោយ ប្រសិនបើមានក្រុមបង្កចលាចល អំពើហិង្សាកើតឡើងនោះ យើងនឹងហាមប្រាមក្រុមបាតុករអាវលឿងបន្តធ្វើបាតុកម្ម នៅតាមផ្លូវថ្នល់ទៀតដែលធ្វើឲ្យខាតបង់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។
នាយករដ្ឋមន្ត្រីបារាំងបានសម្រេចផ្លាស់ប្តូរ តំណែងលោក Michel Delpuech ស្នងការប៉ូលិស ទីក្រុងប៉ារីស ជំនួសវិញដោយលោក Didier Lallement ដែលជាមន្ត្រីប៉ូលិសមកពីតំបន់ភាគខាងលិចប្រទេសបារាំង។
ហេតុការណ៍ខាងលើកើតឡើង ក្រោយពេលដែលកម្លាំងសន្តិសុខមិនអាច រារាំង អំពើហឹង្សា បង្ករឡើងដោយក្រុមបាតុកម្ម ក្នុងនោះមានការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណ ឆក់ប្លន់ នៅតាមដងវិថី Champs Elysees កាលពីចុងសប្តាហ៍កន្លងមក៕