សម្ដេចក្រឡាហោម ស ខេង ៖ មជ្ឈមណ្ឌលកំសាន្ត រ៉ុក មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនហើយ

ចែករំលែក៖

ភ្នំពេញ៖ ការបង្ក្រាបគ្រឿងញៀនមួយសំបុកធំនៅក្លឹបកំសាន្តរ៉ុក មានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនហើយ ។
នេះបើតាមការបញ្ជាក់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ កាលពីរសៀល១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានវត្តមានចូលរួមពីលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ លោក លោកស្រី ជាអភិបាលរងរាជធានី មន្ត្រីរដ្ឋបាលរាជធានី ប្រធានតុលាការដំបូង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ស្នងការរាជធានីអភិបាលខណ្ឌ-អភិបាលរងខណ្ឌទាំង១២ មេបញ្ជាការខណ្ឌ អធិការខណ្ឌទាំង១២ ចៅសង្កាត់ នាយប៉ុស្តិ៍ទាំង១០៥ ព្រមទាំងប្រធានមន្ទីរចំណុះជំនាញជុំវិញរដ្ឋបាលរាជធានី សរុបប្រមាណ៤៥០នាក់។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាង១ឆ្នាំនេះយើងបានប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយរឹបអូសបានថ្នាំញៀនសរុបប្រមាណជា ៦០០គីឡូក្រាម ខណៈដែលចុងក្រោយនេះយើងរឹបអូសគ្រឿងញៀនបានប្រមាណ៥០ គីឡូក្រាម ក្នុងរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្ត ។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាយុទ្ធសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលយើងត្រូវប្រឹងប្រែងកាត់បន្ថយឲ្យបាននៅក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ និងនៅឆ្នាំបន្តទៀត ដោយហេតុថា មកដល់ពេលនេះមិនត្រឹមតែនៅរាជធានីភ្នំពេញទេ សូម្បីតែនៅតាមបណ្តាខេត្ត ការប្រើប្រាស់ ការជួញដូរគ្រឿងញៀនបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម។
ជាក់ស្តែងយើងបានឃើញស្រាប់ហើយដូចជានៅក្លឹបកម្សាន្ត រ៉ុក ក្លឹបកម្សាន្តមួយទៀតនៅខេត្តសៀមរាបគឺសុទ្ធតែពាក់ព័ន្ធទៅនឹងគ្រឿងញៀន ហើយអ្នកដែលប្រើប្រាស់ទាំងនោះ ភាគច្រើនគឺជាស្រទាប់យុវជនដែលនេះជាការបំផ្លាញដល់ធនធានមនុស្សរបស់យើង ប៉ះពាល់ទៅដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ដោយពួកគេអាចក្លាយទៅជាចោរលួចចោរប្លន់ កំពុលទៅដល់សន្តិសុខសង្គមនិងខាតបង់ទ្រព្យសម្បត្តិ ក្នុង ការស្ដារនីតិសម្បទាយុវជនទាំងនេះមកវិញ។
សម្តេចបន្តថា ជាយុទ្ធសាស្រ្តនិងជាភារកិច្ចរបស់យើង យើងមិនទុកអោយគ្រឿងញៀន ត្រួតត្រាយើងទេ យើងត្រូវតែជាអ្នកត្រួតត្រាគ្រឿងញៀន កាត់បន្ថយនិងលប់បំបាត់ឲ្យបានលើបញ្ហាគ្រឿងញៀននេះ ។ដូច្នេះទេពាក់ព័ន្ធនឹងបញ្ហានេះសមត្ថកិច្ចរបស់យើងទាំងអស់ត្រូវតែខិតខំប្រឹងប្រែងធ្វើការងារនេះ ហើយសមត្ថកិច្ចរបស់យើង មិនត្រូវពាក់ព័ន្ធនៅក្នុងរឿងនេះជាដាច់ខាត។ សម្ដេចបានបញ្ជាក់ផងដែរថា នៅក្នុងចំណោមមុខសញ្ញាជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុក់ គឺមានប៉ូលិសមួយចំនួនចូលទៅពាក់ព័ន្ធនៅក្នុងរឿងនេះដែរ ប៉ុន្តែទោះបីជាយ៉ាងណាមុខសញ្ញាទាំងនេះរបស់សមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមចាប់ហើយ យើងមិនត្រូវស្ទាក់ស្ទើរលើបញ្ហានេះទេ។
គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងមកនេះ
កម្លាំងប៉ូលីសជាច្រើននាក់ បានឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត​Rock ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​បាន​ឃាត់​មនុស្ស​រាប់រយ​នាក់ ​និង​ដកហូត​ថ្នាំ​ញៀន​ជាច្រើន​ប្រភេទ ជិត​៥០​គីឡូក្រាម ហើយក្រោយមកទៀត ពោលគឺកាលពីវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី១១ ខែមីនា លោកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ុករូបនេះ ត្រូវប៉ូលិសនាំខ្លួនពីគេហដ្ឋានលោក ដែលមានទីតាំងតាមបណ្ដោយផ្លូវ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក ទល់មុខទីបញ្ជាការដ្ឋានប៉េអឹមផ្ទៃប្រទេសបញ្ជូនទៅក្រសួងមហាផ្ទៃពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនដ៏ពេញនិយមកណ្ដាលទីក្រុងភ្នំពេញ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឧកញ៉ា គិត ធាងត្រូវបានសម្រេចអោយដេកនៅក្នុងគុកហើយ៕

...

ដោយ៖ សំរិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print