ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារបើកម៉ូតូលឿនមិនបានប្រុងប្រយ័ត្នបណ្តាលឲ្យដួលបោកក្បាលនឹងដី រងរបួសធ្ងន់តែពេលដឹកបញ្ជូនដល់់មន្ទីរពេទ្យក៏ស្លាប់តែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិគោកដូង ឃុំពួក ស្រុកពួក ។
សាក្សីនិយាយថា ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងស្ថានភាពស្រវឹងស្រា ទើបបណ្តាលឲ្យដួលបោកក្បាលស្លាប់ដោយខ្លួនឯង។ សាក្សីបានបន្ដថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងនោះ បើកក្នុងល្បឿនលឿន ដោយពុំមានប៉ះជាមួយឡានឬម៉ូតូណាផ្សេងនោះទេ ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកស្រុកពួកបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នោះមានឈ្មោះអោក គឹមហាន ហៅគួយ ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិកើតហេតុខាងលើ។ ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខក្នុងដំណើរពីលិចទៅកើតហើយដួលបោកក្បាលដោយខ្លួនឯង ។
លោកបន្តថាក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តហើយក៏បានស្លាប់នៅយប់នេះតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចបានដឹកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានស្រុកពួក ដើម្បីរងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ៕
ដោយ៖ ជានិរន្ដរ៍