ខេត្តសៀមរាប៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសាលាកំរើក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ និងអំពើលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងបរិវេណផ្ទះសំណាក់តាណឺយអង្គរវីឡា ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប បន្ទាប់ពីរូបគេបានចូលលួចម៉ូទ័របូមទឹកក្នុងរបស់គេ ហើយក៏ត្រូវម្ចាស់គេតាមទាន់ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ធឿន វ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរជាកម្មករសំណង់ រស់នៅភូមិ រការកំបុត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យលួចទ្រព្យរបស់ឈ្មោះ ថន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្រុបទី៩ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
ប្រភពដដែលបានបន្ដឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលទទួលបានដំណឹងពីប្រជាពលរដ្ឋ ថាមានជនសង្ស័យម្នាក់បានចូលលួចដោះម៉ូទ័របូមទឹក ពីក្នុងផ្ទះសំណាក់យីហោតាណឺយអង្គវីឡា ទើបកម្លាំងបានចេញប្រតិបត្តិការចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ ក៏ឃាត់ខ្លួនតែម្ដង។
ក្រោយពីកម្លាំងនគរបាលធ្វើការសាកសួរ រួចមកជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកម៉ូទ័រនេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ សហការី