ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល សម្រាប់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលទន្ទឹងរងចាំវត្តមានតារាចម្រៀងលំដាប់ជួរមុខព្រាប សុវត្ថិ និងកូនប្រុសទាំងបី។ ពួកគេរួមទាំងក្រុមតន្ត្រីករដែលធ្វើដំណើរពីកម្ពុជាបានត្រៀមខ្លួនរួចជាច្រើនដើម្បីចេញច្រៀងរាំលក់សំបុត្រនៅទីនោះដោយគ្មានសល់កៅអីទំនេរ។
តាមការបញ្ជាក់របស់លោក ហង្ស ឈា ដែលគេស្គាល់ថាជាអតីតតារាសម្តែងនិងជាអ្នកផលិតក្មនវិធីនោះបានបញ្ជាក់ថា លោកព្រាប សុវត្ថិ កូនៗ និងក្រុមតន្ត្រីករសរុបប្រមាណ១០នាក់បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកហើយកាលពីថ្ងៃទី២២ ខែមីនានេះ។ ការប្រគំតន្ត្រីឈ្មោះថា “US Mega Ture Dance Party” លើកដំបូងនឹងត្រូវធ្វើឡើងនៅក្នុងទឹកដីរដ្ឋ មីនីសូតា នៅរាត្រីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩នេះតែម្តង។ ក្រៅពីរដ្ឋមួយនេះតារាចម្រៀង និងសិល្បករ និងតន្ត្រីករទាំងអស់នឹងបន្តដំណើរទៅច្រៀងរាំ និងសម្តែងរបស់ខ្លួនៅរដ្ឋជាច្រើនទៀតនៅលើទឹកដីនៃប្រទេសមហាអំណាចមួយនេះ។
មុនពេលចាកចេញពីកម្ពុជា លោកព្រាប សុវត្ថិថ្លែងថាលោកសប្បាយចិត្តមែនទែន នៅពេលដឹងថា ពួកគាត់គាំទ្រពួកខ្ញុំ ពិសេសកូនៗ ហើយលោករំពឹងថានឹងបង្កើនភាពសប្បាយរីករាយសម្រាប់ពួកគាត់បានល្អ។ លោកថានេះជាដំណើរលើក៤ សម្រាប់លោក ប៉ុន្តែជាលើកដំបូងជុំជាមួយកូនៗទៅសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានការរំជើបរំជួលខ្លាំង។ លោកបញ្ជាក់ដែរថាបេសកកម្មមួយនេះ មានរយៈពេល២ខែ ទើបលោកវិលជួបមាតុភូមិកំណើតវិញ។
គួរបញ្ជាក់ដែរថា ក្រោយពីបង្ហាញវត្តមានក្នុងផលិតកម្មហង្សមាសបានជាងមួយឆ្នាំ កូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ សុវត្ថិ មុន្នីនាគ និងសុវត្ថិ សេរីវុឌ្ឍ បានសាងកេរឈ្មោះយាងល្អក្នុងវិស័យសិល្បៈជាមួយស្នាដៃច្រៀងរាំយ៉ាងល្អ មិនធ្វើឲ្យទស្សនិកជនខកចិត្ត។ ពួកគេក៏ទទួលបានឱកាសឡើងឆាកប្រគំតន្រ្តីធំៗជាច្រើនដែលរៀបចំដោយផលិតកម្មផងដែរ។
ការចេញច្រៀងរាំរួមគ្នារវាងឪពុកកូននេះនឹងត្រូវបានគេរំពឹងថាទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក បើទោះបីជាមានការបំផុសបំផុលមួយចំនួនពីសកម្មជននយោបាយមួយចំនួន ស្នើមិនឲ្យចូលរួមទស្សនា ឬច្រៀងរាំលេងកម្សាន្តជាមួយតារាចម្រៀងមកពីកម្ពុជានេះក៏ដោយ៕ ដោយ វឌ្ឍនា