ខេត្តកំពត ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវជនសង្ស័យចំនួន២នាក់ចាប់នាងរំលោភបានសម្រេចជាបន្តគ្នា ខណៈក្មេងស្រីរងគ្រោះបានដើរចេញពីផ្ទះទៅមើលការប្រគំតន្ត្រីនៅក្នុងភូមិ ហើយនាងបានទៅបត់ជើងតូចក្បែរមាត់ព្រៃ ក៏ត្រូវជនសង្ស័យ២នាក់ចាប់អូសចូលសាលាក្បែរនោះរួចធ្វើសកម្មភាពរំលោភ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ មីនា នៅស្រុកអង្គរជ័យ ខេត្តកំពត ។
មន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានដើរចេញពីផ្ទះទៅមើលការប្រគំតន្ត្រីនៅក្នុងភូមិ លុះបានមួយសន្ទុះនាងក៏ដើរទៅបត់ជើងតូចនៅមាត់ព្រៃក្បែរនោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ឈ្មោះ សុខ កុសល ចាប់ដៃនាងអូសចូលក្នុងសាលាមួយកន្លែងរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ។
ក្រោយពីឈ្មោះ សុខ កុសល ចាប់រំលោភនាងបានសម្រេចរួចហើយ ស្រាប់តែឈ្មោះ ខាត់ វី ម្នាក់ទៀត បានស្ទុះទៅចាប់អូសនាងយកទៅរំលោភនៅក្នុងព្រៃជាប់ជើងភ្នំក្បែរសាលានោះសម្រេចម្តងទៀតហើយ ពេលធ្វើសកម្ម ភាពរួច ជនសង្ស័យទាំង២នាក់បានគេចខ្លួនបាត់ ។
ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ដែលជនសង្ស័យម្នាក់ឈ្មោះ ខាន់ វី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ សុកល់ អាយុ១៧ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ មុត សែមភក្តី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលជាបក្ខពួកជនសង្ស័យទាំង២នាក់ខាងលើ និងជាអ្នកលបមើលគេប្រព្រឹត្តបទល្មើសផងដែរ ។
សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ២០ មីនាឆ្នាំ២០១៩ ហើយមកដល់ពេលនេះសមត្ថកិច្ចបានចាត់កម្លាំងតាមស្វែងរកចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ផងដែរ៕ ប្រាថ្នា