កូរ៉េ​ទាំង​ពីរ​ចាប់ផ្តើម​ជួប​ពិភាក្សា​ថ្នាក់​មន្ត្រីជាន់ខ្ពស់​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ មន្ត្រីជាន់ខ្ពស់​មក​ពី​កូរ៉េ​ខាងជើង​ និង​ខាងត្បូង​បាន​ចាប់ផ្តើម​ជួប​ពិភាក្សា​គ្នា​ដែល​កម្រ​នឹង​កើត​មាន​ឡើង​មួយ​នៅ​ក្នុង​បរិវេណ​តំបន់ឧស្សាហកម្ម​កែ​ស៊ុ​ង​ ។​ ការ​ជួប​ពិភាក្សា​គ្នា​នេះ​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាន​សន្ធិសញ្ញា​សនិ្ត​ភាព​ពេញលេញ​នៅឡើយ​ផង​នោះ​ ។​

Part-HKG-Hkg10237122-1-1-0

​មានការ​កត់សម្គាល់​ឲ្យ​ឃើញ​ថា​ ការ​ជួប​ពិភាក្សា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ​គឺជា​ជំហាន​វិជ្ជមាន​មួយ​ ចាប់តាំងពី​ខែសីហា​ ឆ្នាំ​២០១៥​កន្លង​មក​ បន្ទាប់​ពី​ស្ថានការណ៍​តាន់តឹង​ខ្លាំង​ឡើង​បាន​កើតឡើង​ក្រោយ​ពី​មានការ​ផ្ទុះ​គ្រាប់​មីន​នៅ​តាម​បន្ទាត់​ព្រំដែន​កូរ៉េ​ខាងត្បូង​បណ្តាល​ឲ្យ​កម្លាំង​ទាហាន​ល្បាត​កូរ៉េ​ខាងត្បូង​រង​របួស​ ។​

​លោក​ Hwang​ Boo-gi​ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​រួបរួម​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​ថា​ យើង​សង្ឃឹមថា​ បញ្ហា​ផ្សេងៗ​ដែល​កំពុង​បន្ត​ឲ្យ​មានការ​ជជែក​ពិភាក្សា​ដោះស្រាយ​គ្នា​នោះ​ នឹង​មានការ​ពិគ្រោះ​យោបល់​ពិភាក្សា​គ្នា​ដោះស្រាយ​ ។​ ប្រធាន​គណៈប្រតិភូ​ពិភាក្សា​របស់​កូរ៉េ​ខាងជើង​គឺ​ដឹកនាំ​ដោយ​លោក​ Jong​ Jong-su​ ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​កក់ក្តៅ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កូរ៉េ​ទាំង​ពីរ​ផង​ដែរ​ ។​

​មិន​ត្រូវ​បាន​បញ្ជាក់​បង្ហាញ​អំពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​នៅ​ពេល​នេះ​ឡើយ​ ប៉ុន្តែ​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ពី​ចេតនា​ចង់​ឲ្យ​មានការ​ជួបជុំ​គ្រួសារ​ដែល​បែកបាក់​កាលសម័យ​សង្គ្រាម​នោះ​កើតឡើង​ច្រើន​ដង​ជា​បន្ត​ទៀត​ទៅ​ទៀត​ ។​ ការ​ជួបជុំ​គ្រួសារ​ដែល​បែកបាក់​ក្នុង​សម័យ​សង្គ្រាម​របស់​ពលរដ្ឋ​កូរ៉េ​ទាំង​ពីរ​នា​ពេល​ចុង​ក្រោយ​បំផុត​គឺ​ក្នុង​ខែតុលា​ ឆ្នាំ​២០១៥​កន្លង​មកនេះ​ ។​ ទោះបី​យ៉ាងណា​ កូរ៉េ​ខាងត្បូង​ចង់​ឲ្យ​មានការ​ជួបជុំ​គ្រួសារ​បែប​នេះ​ញឹកញាប់​ថែម​ទៀត​ ខណៈ​ដែល​ប​ញ្ជឺ​ឈ្មោះ​ដែល​បាន​ដាក់​ឲ្យ​មានការ​ទៅ​ជួបជុំ​គ្រួសារ​របស់​កូរ៉េ​ខាងត្បូង​នោះ​មាន​រហូត​ជាង​៦០.០០០​នាក់​ ។​

​រីឯ​កូរ៉េ​ខាងជើង​វិញ​ ត្រូវ​គេ​ដឹង​ថា​ ទំនងជា​លើកយក​បញ្ហា​មួយ​ចំនួន​ដែល​ទាក់ទង​បញ្ហា​សេដ្ឋកិច្ច​ជាដើម​មក​ជជែក​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងត្បូង​នា​ពេល​នេះ​ ។​ កូរ៉េ​ខាងជើង​ទំនងជា​ចរចា​ដើម្បី​ឲ្យ​មានការ​បន្ត​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ពី​កូរ៉េ​ខាងត្បូង​ទៅ​កាន់​រមណីយដ្ឋាន​កូរ៉េ​ខាងជើង​ Mount​ Kumgang​ ។​ ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ Mount​ Kumgang​ នេះ​ត្រូវ​បាន​ផ្អាក​កាលពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ​ បន្ទាប់​ពី​អ្នក​ទេសចរណ៍​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​ទាហាន​កូរ៉េ​ខាងជើង​ ។​

​ក្រុម​អ្នកជំនាញ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់​ថា​ គេ​លំបាក​នៅ​ក្នុង​ការ​ស្មាន​ទុក​ខ្លាំង​ណាស់​ថា​ កូរ៉េ​ខាងត្បូង​អាច​នឹង​បន្ត​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​បើក​បន្ត​ឲ្យ​មានដំណើរ​កម្សាន្ត​របស់​ពលរដ្ឋ​ខ្លួន​ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ខាងលើ​នេះ​ ដរាបណា​មិន​ទាន់​មានការ​សុំ​ទោស​ ឬ​ការ​ពន្យល់​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​ពី​កូរ៉េ​ខាងជើង​ទាក់ទង​បញ្ហា​បាញ់​សម្លាប់​ភ្ញៀវ​ទេសចរណ៍​កូរ៉េ​ខាងត្បូង​ជា​មុន​ទេ​នោះ​ ។​

​មូលហេតុ​នេះ​ហើយ​ ទើប​ក្រុម​អ្នកជំនាញ​អំពី​បញ្ហា​នេះ​បាន​បញ្ចេញ​ទស្សនៈ​ថា​ ការ​ជួប​ពិភាក្សា​រវាង​កូរ៉េ​ទាំង​ពីរ​នៅ​សួន​ឧស្សាហកម្ម​កែ​ស៊ុ​ង​នៅ​ពេល​នេះ​ដែល​ធ្វើ​ឡើង​តាម​ការ​ព្រមព្រៀង​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​កន្លង​មក​នោះ​ ទំនងជា​មិន​អាច​សម្រេច​ចេញ​ជា​លទ្ធផល​ដុំ​កំភួន​បាន​នោះ​ឡើយ​ ។​ ជា​ពិសេស​បញ្ហា​ទាំង​អស់នេះ​ ប្រទេស​ទាំង​ពីរ​បាន​ជាប់​គាំង​ពិភាក្សា​គ្នា​រក​ច្រកចេញ​មិន​រួច​តាំងពី​អតីតកាល​មក​ម្ល៉េះ​ ។​

​ក្រុម​អ្នកជំនាញ​បាន​បន្ត​លើក​ឡើង​ទៀត​ថា​ ជាមួយ​គ្នា​នេះ​ដែរ​ កូរ៉េ​ទាំង​ពីរ​ទំនងជា​មិន​អាច​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​ទៅ​ទៀត​នោះ​គឺ​បញ្ហា​ពាក់ព័ន្ធ​មហិច្ឆតា​អាវុធ​បរមាណូ​របស់​កូរ៉េ​ខាងជើង​ និង​ស្ថានការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ​ ។​ កូរ៉េ​ខាងជើង​បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​ នៅ​បន្ទាប់​ពី​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា​ គ្រាប់បែក​បុក​របស់​កម្លាំង​ទាហាន​កូរ៉េ​ខាងជើង​បាន​បាញ់​ពន្លិច​នាវាចម្បាំង​ របស់​កម្លាំង​ទាហានជើងទឹក​កូរ៉េ​ខាងត្បូង​បណ្តាល​ឲ្យ​លិច​ និង​ស្លាប់​មនុស្ស​៤៦​នាក់​នោះ​ ៕

South Korean army's multiple rocket launch systems are deployed in Yeoncheon, south of the demilitarized zone that divides the two Koreas, South Korea, Sunday, Aug. 23, 2015. South Korean and North Korean officials have resumed the second round of their high-level talks in the border village of Panmunjom on Sunday afternoon in an effort to ease mutual tension, South Korea’s presidential office said. (AP Photo/Ahn Young-joon)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print