ខេត្តរតនគីរី ៖ យុវជនម្នាក់ប៉ុនប៉ងសម្លាប់ខ្លួនយកកាំបិតចាក់លើរាងកាយបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍យកកាំបិតចាក់ខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង១១.៣០នាទីយប់ថ្ងៃសៅរ៍ ៣ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ស្ថិតនៅចំណុចភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាសខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ សល់ ទីញ ភេទប្រុស អាយុ ២២ឆ្នាំជនជាតិចារាយមុខរបរ កសិករ មានទីលំនៅចំណុចកើតហេតុខាងលើ។
ប្រភពបន្តថា យុវជនរូបនេះផឹកស្រាស្រវឹងហើយយកកាំបិតមកចាក់ខ្លួនឯងចំនួន២កាំបិតចំត្រង់ពោះរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។
យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិបានប្រាប់ថា ជនរងគ្រោះខាងលើនេះតែងតែពេលផឹកស្រាស្រវឹងគឺចង់ធ្វើអត្តឃាតខ្លួនឯងច្រើនលើកច្រើនសាររួចមកហើយតែមិនបានសម្រេច។
ក្រោយកើតហេតុនោះឡើងត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជួនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំញ៉ាងស្រុកអណ្តូងមាសផងដែរ។
ហើយជនរងគ្រោះរូបនេះពេលនេះក៏កំពុងនៅសម្រាកព្យាបាលនៅឡើយ។
ករណីខាងលើនេះមហាជនជាច្រើនបានដាក់ការសង្ស័យថាយុវជនរូបនេះមានការប្រើប្រាស់ថ្នាំញៀន ហួសកំរិតទើបបណ្តាលឱ្យរូបគេមានស្មារតីមិនប្រកតីបែបនេះ៕ ដោយ ជីវន្ត័