វិភាគ​ ៖ មហាអំណាចយោធាពិភពលោក​ ប្រកួតប្រជែងសព្វាវុធក្នុងទីអាវកាស​ គ្រោះថ្នាក់កាន់តែខ្លាំង

ចែករំលែក៖

ប្រទេសមហាអំណាចយោធាពិភពលោក កំពុងតែស្ថិតនៅក្នុងដំណាក់កាលប្រកួតប្រជែង​សព្វាវុធ ពិសេសក្រោយពេលដែលអាមេរិក និងរុស្ស៊ីដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូ​INF ។ ការប្រគួតប្រជេងអាវុធគឺជារឿងមួយដ៏គ្រោះថ្នាក់ ហើយអាអ្វីដែលគ្រោះថ្នាក់ជាងនេះនោះគឺ ការប្រគួតអាវុធនៅលើដែនអាវកាស​ ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា បច្ចេកវិទ្យា​ក្នុង​វិស័យ​អវកាស​មាន​ការ​រីកចម្រើន និង​រីកសាយភាយ​​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់។ ប្រទេស​កាន់តែ​ច្រើន​​ ហើយ​ក៏​រួមទាំង​ក្រុមហ៊ុន​ឯកជន​ផងបាន​អភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ​នូវ​កម្មវិធី​អវកាស។ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​អវកាស​នេះ​​គឺ​ជា​ដំណើរវិវឌ្ឍ​ដ៏សំខាន់​សម្រាប់​​មនុស្ស​ជាតិ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​កំពុងតែ​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ដ៏​ធំមួយដែរ គឺ​ការ​ប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស។

កាលពីមុន នៅ​ក្នុងរយៈពេល​ជាច្រើន​ទសវត្សរ៍ ប្រទេស​មហាអំណាច​ក្នុង​វិស័យ​អាកាស​ មានតែ​ពីរ​ប៉ុណ្ណោះ គឺ​សហរដ្ឋ​អាមេរិក និងរុស្ស៊ី (អតីត​សហភាព​សូវៀត) ដែល​បាន​ប្រកួតប្រជែង​គ្នា​យ៉ាង​ពេញទំហឹង នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

នៅពេលនេះ មហាអំណាចទីអាវកាស​មាន ប្រទេសជាច្រើន ចូលរួម ពិសេសគឺចិន​។ពេលថ្មីៗនេះអាមេរិក បាន​ចោទប្រកាន់​ចិន និង​រុស្ស៊ី ថា កំពុង​បង្កើន​ឱកាស​ឲ្យ​កើតមាន​ជម្លោះ នៅក្នុង​ទីអវកាស តាមរយៈ​ការអភិវឌ្ឍ ផលិត​អាវុធ​ប្រឆាំង​ផ្កាយរណប។ នេះ​ជា​ការលើកឡើង​របស់​មន្រ្តី​ការបរទេស​អាមេរិក នៅក្នុង​សន្និសីទ​ស្តីពី​ការលុបបំបាត់អាវុធ ដែល​ត្រូវ​បាន​រៀបចំ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ 

“តើ​ឲ្យ​គេ​ជឿ​ទុកចិត្ត​បាន​យ៉ាងម៉េចថា រុស្ស៊ីចូលរួម​បង្ការ​ការប្រកួតប្រជែង​សព្វាវុធ​ក្នុង​ទី​អវកាស? ត្រូវដឹងថា គឺ​ពួកគេ​នោះឯង​ដែល​ជា​អ្នក​ផលិត​អាវុធ​បាញ់​បំផ្លាញ​ផ្កាយរណប?” លោកស្រី Yleem Poblete ជំនួយការ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ចោទប្រកាន់​ភាគី​រុស្ស៊ី នៅក្នុង​ពេល​ដែល​អ្នកជំនាញ​មក​ពី ប្រទេស​២៥ ដែលនៅក្នុង​នោះ មាន​អាមេរិក ចិន​និង​រុស្ស៊ី​ផងដែរ កំពុង ជួប​ពិភាក្សា​(បិទទ្វារ តាំង​ពី​ថ្ងៃ​ចន្ទ​ទី ១៨ មីនា) នៅទីក្រុង​ហ្សឺណែវ ស្តីពី​ការបង្កើត​ឲ្យ​មាន​អនុសញ្ញា​បង្ការ​ការប្រកួតប្រជែង​សព្វាវុធ ក្នុងទីអវកាស។

ទីក្រុង​ប៉េកាំង និង​ម៉ូស្គូ​បាន​គាំទ្រ​ឲ្យ​មាន​ការជួបប្រជុំ​របស់​អ្នកជំនាញ​ថ្នាក់រដ្ឋាភិបាល នៅក្រោម​ការដឹកនាំ​របស់​ឯកអគ្គរដ្ឋទូត​ប្រេស៊ីល សម្រាប់​សន្និសីទ​ស្តីពីការលុបបំបាត់​ចោល​អាវុធ របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​ហ្សឺណែវ។ ប៉ុន្តែ វ៉ាស៊ីនតោន មិន​ជឿទុកចិត្ត បន្ទាប់​ពី​ឃើញ ចិន និង​រុស្ស៊ី បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីល ដែល​អាច​បាញ់​ពីដី ទៅ បំផ្លាញ​កម្ទេច​ផ្កាយរណប​នៅក្នុង​ទីអវកាស។

លោកស្រី Pobleteដែល​ធ្វើការ​នៅ​ការិយាល័យ​ត្រួតពិនិត្យ​អាវុធ នៅ​ក្រសួងការបរទេស​អាមេរិក បាន​ចោទប្រកាន់​រុស្ស៊ី ផងដែរ​កំពុង​ព្យាយាម​ផលិត​កាំរស្មី​Laser ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ផ្កាយរណប​ខ្វាក់ភ្នែក ឬ​ត្រូវ​បំផ្លាញ​ទាំងស្រុង។ បន្ទាប់​ពី​រុស្ស៊ី មន្រ្តីអាមេរិក​បាន​ចោទប្រកាន់​ផងដែរ ភាគី​ចិន ដែលកំពុង​ផលិត​មីស៊ីល​ដែល​អាច​បាញ់​កម្ទេច​ផ្កាយរណប ក្នុង​កំពស់​ដ៏ទាប ហើយ​និង​ប្រើ​ឧបករណ៍​សម្រាប់​រំខាន​ការងារ​តាមដាន​របស់​ផ្កាយរណប របស់​គូសត្រូវ។

អាមេរិក​ចោទប្រកាន់​រុស្ស៊ី និង​ចិន ប៉ុន្តែ គឺ​អាមេរិក​ខ្លួនឯង ដែល​ជា​ប្រទេស​សកម្មជាងគេ នៅ​ក្នុងការអភិវឌ្ឍ​កម្មវិធី​អវកាស​ខាង​ផ្នែក​យោធា។ គេ​នៅចាំបានថា នៅ​ពេល​ដែល​មហាសន្និបាត​អ.ស.ប.​អនុម័ត​​សេចក្តីសម្រេច​​ទាមទារ​​ឲ្យ​មាន​ការចរចា​លើ​អនុសញ្ញា​ជាលក្ខណៈ​អន្តរជាតិ ដើម្បី​បង្ការ​ការប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស គ្រប់ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​អ.ស.ប បាន​បោះឆ្នោត​គាំទ្រ លើកលែង​តែ​ប្រទេស​ពីរ​ដែល​បាន​បោះឆ្នោត​អនុប្បវាទ គឺ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។

កាលពី​ឆ្នាំមុន ទៀតសោត ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​ប្រកាស ថា ទី​អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ ដូច​សមរភូមិ​លើ​អាកាស លើ​ដី និង​លើ​ទឹក។ លោក​នៅ​បាន​លើកឡើង​ពី​គម្រោង​បង្កើត​កម្លាំង​ទ័ព អវកាស ដែល​ជា​កម្លាំងទ័ព​ទី៦ របស់​សហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២០។

នៅក្រោយ​ការបញ្ចប់​សង្រ្គាម​ត្រជាក់ ការប្រកួតប្រជែងគ្នា​នៅ​ក្នុង​អវកាស​ក៏​ត្រូវ​ស្ងប់ទៅវិញ ហើយ​បច្ចេកវិទ្យា​ដែល​គេ​បង្កើត​បាន​នៅ​ក្នុង​អំឡុង​ការ​ប្រជែង​ផ្នែក​អវកាស​នោះ​ត្រូវ​បាន​គេ​បង្វែរ​យក​ទៅ​ប្រើប្រាស់​​ក្នុង​វិស័យ​ស៊ីវិល ហើយ​បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សជាតិ​នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​ពេល​ជាមួយគ្នា បច្ចេកវិទ្យាអវកាស​បាន​រីកសាយភាយ​ទៅដល់​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ចាប់ផ្តើម​ចេញ​ពី​អឺរ៉ុប រហូតទៅដល់​ចិន។ សូម្បីតែ​ក្រុមហ៊ុន​ឯកជន​ខ្លះ​ក៏​មាន​បច្ចេកវិទ្យា​ក្នុងការ​ផលិត​យានអវកាស​បានដែរ ហើយ​ខ្លះ​មានគម្រោង​រកស៊ី​នៅ​ក្នុង​វិស័យ​ទេសចរណ៍​អវកាស​ថែមទៀត។

ស្របពេល​នឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​អវកាស​នេះ ដែល​តាមពិត​បាន​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្សជាតិ ទាំង​ប្រយោជន៍​នៅ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ និង​ទាំង​ប្រយោជន៍​​នៅ​ក្នុង​ការ​បង្កើន​ការយល់ដឹង​ពី​ចក្រវាលដ៏ធំធេង គេ​ក៏​កំពុងតែ​ឃើញ​តែ​មាន​សញ្ញា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ គឺ​ការ​ប្រជែង​ផ្នែក​សព្វាវុធ​នៅ​ក្នុង​ទីអវកាស។

ការប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស​ដែល​គេ​អាច​សង្កេតឃើញ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ពីរ​រូបភាព។ ទីមួយ គឺ​ការ​ប្រើ​បច្ចេកវិទ្យា​ផលិត​មីស៊ីល​បាញ់​ពីដី ដើម្បី​កម្ទេច​ផ្កាយរណប​របស់​គូសត្រូវ ដែល​គេធ្លាប់​ឃើញ​រុស្ស៊ី និង​ចិន បាន​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​កាល​ពីពេល​កន្លងមក។ ទីពីរ គឺ​ការ​ផលិត​ផ្កាយរណប​ពិសេស ដែល​គេ​អាច​បញ្ជា​ឲ្យ​ហោះ​ចាំឃ្លាំមើល ​រំខាន ឬ​កម្ទេច​ផ្កាយរណប​របស់​គូសត្រូវ ហើយ​គេ​សង្ស័យថា អាមេរិក​ និង​រុស្ស៊ី កំពុងតែ​អភិវឌ្ឍ​បច្ចេកវិទ្យា​​សព្វាវុធ​អវកាស​ប្រភេទ​ទីពីរ​នេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print