ប្រទេសមហាអំណាចយោធាពិភពលោក កំពុងតែស្ថិតនៅក្នុងដំណាក់កាលប្រកួតប្រជែងសព្វាវុធ ពិសេសក្រោយពេលដែលអាមេរិក និងរុស្ស៊ីដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូINF ។ ការប្រគួតប្រជេងអាវុធគឺជារឿងមួយដ៏គ្រោះថ្នាក់ ហើយអាអ្វីដែលគ្រោះថ្នាក់ជាងនេះនោះគឺ ការប្រគួតអាវុធនៅលើដែនអាវកាស ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា បច្ចេកវិទ្យាក្នុងវិស័យអវកាសមានការរីកចម្រើន និងរីកសាយភាយយ៉ាងលឿនគួរឲ្យកត់សម្គាល់។ ប្រទេសកាន់តែច្រើន ហើយក៏រួមទាំងក្រុមហ៊ុនឯកជនផងបានអភិវឌ្ឍប្រកបដោយជោគជ័យនូវកម្មវិធីអវកាស។ ការរីកចម្រើននៃបច្ចេកវិទ្យាអវកាសនេះគឺជាដំណើរវិវឌ្ឍដ៏សំខាន់សម្រាប់មនុស្សជាតិ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា វាក៏កំពុងតែបង្កឲ្យមានការព្រួយបារម្ភដ៏ធំមួយដែរ គឺការប្រជែងសព្វាវុធនៅក្នុងទីអវកាស។
កាលពីមុន នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ ប្រទេសមហាអំណាចក្នុងវិស័យអាកាស មានតែពីរប៉ុណ្ណោះ គឺសហរដ្ឋអាមេរិក និងរុស្ស៊ី (អតីតសហភាពសូវៀត) ដែលបានប្រកួតប្រជែងគ្នាយ៉ាងពេញទំហឹង នៅក្នុងអំឡុងសង្រ្គាមត្រជាក់។
នៅពេលនេះ មហាអំណាចទីអាវកាសមាន ប្រទេសជាច្រើន ចូលរួម ពិសេសគឺចិន។ពេលថ្មីៗនេះអាមេរិក បានចោទប្រកាន់ចិន និងរុស្ស៊ី ថា កំពុងបង្កើនឱកាសឲ្យកើតមានជម្លោះ នៅក្នុងទីអវកាស តាមរយៈការអភិវឌ្ឍ ផលិតអាវុធប្រឆាំងផ្កាយរណប។ នេះជាការលើកឡើងរបស់មន្រ្តីការបរទេសអាមេរិក នៅក្នុងសន្និសីទស្តីពីការលុបបំបាត់អាវុធ ដែលត្រូវបានរៀបចំកាលពីថ្ងៃអង្គារម្សិលមិញ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
“តើឲ្យគេជឿទុកចិត្តបានយ៉ាងម៉េចថា រុស្ស៊ីចូលរួមបង្ការការប្រកួតប្រជែងសព្វាវុធក្នុងទីអវកាស? ត្រូវដឹងថា គឺពួកគេនោះឯងដែលជាអ្នកផលិតអាវុធបាញ់បំផ្លាញផ្កាយរណប?” លោកស្រី Yleem Poblete ជំនួយការរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកបានចោទប្រកាន់ភាគីរុស្ស៊ី នៅក្នុងពេលដែលអ្នកជំនាញមកពី ប្រទេស២៥ ដែលនៅក្នុងនោះ មានអាមេរិក ចិននិងរុស្ស៊ីផងដែរ កំពុង ជួបពិភាក្សា(បិទទ្វារ តាំងពីថ្ងៃចន្ទទី ១៨ មីនា) នៅទីក្រុងហ្សឺណែវ ស្តីពីការបង្កើតឲ្យមានអនុសញ្ញាបង្ការការប្រកួតប្រជែងសព្វាវុធ ក្នុងទីអវកាស។
ទីក្រុងប៉េកាំង និងម៉ូស្គូបានគាំទ្រឲ្យមានការជួបប្រជុំរបស់អ្នកជំនាញថ្នាក់រដ្ឋាភិបាល នៅក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតប្រេស៊ីល សម្រាប់សន្និសីទស្តីពីការលុបបំបាត់ចោលអាវុធ របស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ។ ប៉ុន្តែ វ៉ាស៊ីនតោន មិនជឿទុកចិត្ត បន្ទាប់ពីឃើញ ចិន និងរុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យ មីស៊ីល ដែលអាចបាញ់ពីដី ទៅ បំផ្លាញកម្ទេចផ្កាយរណបនៅក្នុងទីអវកាស។
លោកស្រី Pobleteដែលធ្វើការនៅការិយាល័យត្រួតពិនិត្យអាវុធ នៅក្រសួងការបរទេសអាមេរិក បានចោទប្រកាន់រុស្ស៊ី ផងដែរកំពុងព្យាយាមផលិតកាំរស្មីLaser ដែលមានសមត្ថភាពធ្វើឲ្យផ្កាយរណបខ្វាក់ភ្នែក ឬត្រូវបំផ្លាញទាំងស្រុង។ បន្ទាប់ពីរុស្ស៊ី មន្រ្តីអាមេរិកបានចោទប្រកាន់ផងដែរ ភាគីចិន ដែលកំពុងផលិតមីស៊ីលដែលអាចបាញ់កម្ទេចផ្កាយរណប ក្នុងកំពស់ដ៏ទាប ហើយនិងប្រើឧបករណ៍សម្រាប់រំខានការងារតាមដានរបស់ផ្កាយរណប របស់គូសត្រូវ។
អាមេរិកចោទប្រកាន់រុស្ស៊ី និងចិន ប៉ុន្តែ គឺអាមេរិកខ្លួនឯង ដែលជាប្រទេសសកម្មជាងគេ នៅក្នុងការអភិវឌ្ឍកម្មវិធីអវកាសខាងផ្នែកយោធា។ គេនៅចាំបានថា នៅពេលដែលមហាសន្និបាតអ.ស.ប.អនុម័តសេចក្តីសម្រេចទាមទារឲ្យមានការចរចាលើអនុសញ្ញាជាលក្ខណៈអន្តរជាតិ ដើម្បីបង្ការការប្រជែងសព្វាវុធនៅក្នុងទីអវកាស គ្រប់ប្រទេសទាំងអស់ដែលជាសមាជិកអ.ស.ប បានបោះឆ្នោតគាំទ្រ លើកលែងតែប្រទេសពីរដែលបានបោះឆ្នោតអនុប្បវាទ គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
កាលពីឆ្នាំមុន ទៀតសោត ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំធ្លាប់បានប្រកាស ថា ទីអវកាសបានក្លាយជាសមរភូមិប្រយុទ្ធ ដូចសមរភូមិលើអាកាស លើដី និងលើទឹក។ លោកនៅបានលើកឡើងពីគម្រោងបង្កើតកម្លាំងទ័ព អវកាស ដែលជាកម្លាំងទ័ពទី៦ របស់សហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២០។
នៅក្រោយការបញ្ចប់សង្រ្គាមត្រជាក់ ការប្រកួតប្រជែងគ្នានៅក្នុងអវកាសក៏ត្រូវស្ងប់ទៅវិញ ហើយបច្ចេកវិទ្យាដែលគេបង្កើតបាននៅក្នុងអំឡុងការប្រជែងផ្នែកអវកាសនោះត្រូវបានគេបង្វែរយកទៅប្រើប្រាស់ក្នុងវិស័យស៊ីវិល ហើយបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិនៅទូទាំងពិភពលោក។ នៅក្នុងពេលជាមួយគ្នា បច្ចេកវិទ្យាអវកាសបានរីកសាយភាយទៅដល់បណ្តាប្រទេសជាច្រើនផ្សេងទៀត ចាប់ផ្តើមចេញពីអឺរ៉ុប រហូតទៅដល់ចិន។ សូម្បីតែក្រុមហ៊ុនឯកជនខ្លះក៏មានបច្ចេកវិទ្យាក្នុងការផលិតយានអវកាសបានដែរ ហើយខ្លះមានគម្រោងរកស៊ីនៅក្នុងវិស័យទេសចរណ៍អវកាសថែមទៀត។
ស្របពេលនឹងការរីកចម្រើននៃបច្ចេកវិទ្យាអវកាសនេះ ដែលតាមពិតបានជាប្រយោជន៍យ៉ាងច្រើនដល់មនុស្សជាតិ ទាំងប្រយោជន៍នៅក្នុងការរស់នៅប្រចាំថ្ងៃ និងទាំងប្រយោជន៍នៅក្នុងការបង្កើនការយល់ដឹងពីចក្រវាលដ៏ធំធេង គេក៏កំពុងតែឃើញតែមានសញ្ញាដែលគួរឲ្យព្រួយបារម្ភផងដែរ គឺការប្រជែងផ្នែកសព្វាវុធនៅក្នុងទីអវកាស។
ការប្រជែងសព្វាវុធនៅក្នុងទីអវកាសដែលគេអាចសង្កេតឃើញនៅក្នុងពេលបច្ចុប្បន្ននេះ មានពីររូបភាព។ ទីមួយ គឺការប្រើបច្ចេកវិទ្យាផលិតមីស៊ីលបាញ់ពីដី ដើម្បីកម្ទេចផ្កាយរណបរបស់គូសត្រូវ ដែលគេធ្លាប់ឃើញរុស្ស៊ី និងចិន បានសាកល្បងប្រកបដោយជោគជ័យកាលពីពេលកន្លងមក។ ទីពីរ គឺការផលិតផ្កាយរណបពិសេស ដែលគេអាចបញ្ជាឲ្យហោះចាំឃ្លាំមើល រំខាន ឬកម្ទេចផ្កាយរណបរបស់គូសត្រូវ ហើយគេសង្ស័យថា អាមេរិក និងរុស្ស៊ី កំពុងតែអភិវឌ្ឍបច្ចេកវិទ្យាសព្វាវុធអវកាសប្រភេទទីពីរនេះ៕