ប្រទេសចិន៖ កាលពីថ្ងៃទី ២៥ខែមីនា មន្ត្រីបារាំង និងចិន បានចុះកិច្ចព្រមព្រៀង ១៥ចំណុច ក្នុងនោះមានថាមពល ឧស្សាហកម្មស្បៀងអាហារ ដឹកជញ្ជូន ក្រោមអធិបតីរបស់ប្រធានាធិបតីចិនស៊ីជីងពីង និងប្រធានាធិបតីបារាំងលោកម៉ាក្រុង។
ក្រុមហ៊ុន Airbus បានចុះកិច្ចព្រមព្រៀងលក់យន្តហោះ ដឹកអ្នកដល់ទៅ៣០០គ្រឿង ឲ្យចិន ក្នុងពេលដែលប្រធានាធិបតីចិន លោកស៊ីជីងពីងកំពុងតែបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អឺរ៉ុប។ ការសម្រេចទិញយន្តហោះរបស់ Airbus យ៉ាងច្រើននោះក្នុងពេលដែលចិនបានសម្រេច ឈប់ប្រើប្រាស់ យន្តហោះរបស់ក្រុមហ៊ុន Boeing អាមេរិក ក្រោយជួបគ្រោះថ្នាក់ផ្ទួនៗគ្នា។
តាមកិច្ចព្រមព្រៀងខាងលើ មានទឹកប្រាក់ដល់ទៅ៣៥ពាន់លានដុល្លារ ក្នុងនោះក្រុមហ៊ុនផលិតយន្តហោះ Airbus នឹងផ្តល់ឲ្យចិន នៅយន្តហោះធុនធំ១០គ្រឿងប្រភេទ A350និង យន្តហោះ A20 ចំនួន២៩០គ្រឿង។ យន្តហោះ A320 ដូចទៅនឹងប្រភេទយន្តហោះ Boeing 737 MAX របស់អាមរិក។
ចិនបានទិញយន្តហោះពីក្រុមហ៊ុន Boeing ចំនួន៣០០គ្រឿងក្នុងពេលដែលប្រធានាធិបតីអាមេរិកដូណាលត្រាំបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៧។ ក្រោយមកប្រទេសទាំងពីរបានធ្លាក់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ទើបចិនមិនបន្តទិញយន្តហោះពីអាមេរិក។
នៅក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron បានវាយតម្លៃថា «កិច្ចព្រមព្រៀងខាងលើ គឺជាជំហានដ៏សំខាន់បំផុត ក្នុងពេលបច្ចុប្បន្ន ជាសញ្ញាដ៏ល្អប្រើសរក្នុងទំនាក់ទំនងទ្វេភាគី។
ចំណែកក្រុមហ៊ុន Airbus វិញបានបញ្ជាក់ថាទំនាក់ទំនងយូអង្វែង គឺនាំមកនៅកិច្ចព្រមព្រៀងថ្មីបំផុត មិនមែនដោយសារសុវត្ថិភាព យន្តហោះទើប ចិនងាក់ចេញពី ប៊ូអ៊ីង មកទិញ អ៊ែរបឺសវិញនោះឡើយ៕
ដោយ៖ មែវ សាធី