ខេត្តកោះកុង៖ ក្មេងប្រុសម្នាក់បានរងរបួសសន្លងប់ស្ដូកស្ដឹង ស្ទើរតែបាត់បង់ជីវិត ដោយសារតែក្រុមចោរមួយក្រុមបានលួចវាយគេយកម៉ូតូ ខណៈដែលគេកំពុងជិះម៉ូតូ។ ពេលនោះក៏ត្រូវអ្នកឃ្វាលក្របីប្រទះឃើញគេដេកសន្លប់ក្នុងភក់ ក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ស្រុកខេមរភូមិន្ទ ។
ក្មេងប្រុសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យន់ បូរ៉ាត់ អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ ។
តាមសម្ដីរបស់ម្ដាយឪពុកក្មេងប្រុសរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ កូនប្រុសរបស់ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ចេញពីផ្ទះដោយគាត់មិនដឹងថាគេទៅណានោះទេ ហើយក៏បាត់រហូតទៅ។ លុះដល់វេលារសៀលមុនកើតហេតុបន្ដិត ស្រាប់តែមានអ្នកភូមិទៅប្រាប់ពួកគាត់ថា មានអ្នកឃ្វាលក្របីបានប្រទះឃើញ កូនប្រុសរបស់គាត់ត្រូវគេវាយដេកសន្លប់កប់ភក់។ គ្រាន់តែឮដំណឹងនេះភ្លាម ពួកគាត់ក៏បានរូតរះទៅមើលកូន ហើយឃើញសភាពកូនរងរបួសធ្ងន់ក៏បានរូតរះបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានដាក់ពាក្យប្ដឹងទៅនគរបាលដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញា ។
ដោយឡែកមន្ត្រីនគរបាល ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម ក៏បានចេញប្រតិបត្តិការភ្លាម ដោយបានសាកសួរដំណើររឿងពីឪពុកម្ដាយក្មេងប្រុសរងគ្រោះ និងទៅពិនិត្យកន្លែងកើតហេតុ ព្រមទាំងសាកសួរអ្នកដែលបានប្រទះឃើញក្មេងប្រុសដេកសន្លប់ រួចក៏សន្និដ្ឋានថា ករណីនេះ ជាករណីវាយប្លន់យកម៉ូតូ ។
បច្ចុប្បន្នសមត្ថកិច្ចធ្វើកំណត់ហេតុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ សហការី