ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបុរសសង្ស័យម្នាក់ជុំវិញករណីប៊ិចចម្លែកដែលចុចហើយផ្ទុះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់កាលពីថ្ងៃយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១នោះ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះសំ ស្នា អាយុ២៦ឆ្នាំ ជាកម្មករលើកគ្រឿងសំណង់ក្រុមហ៊ុនលក់ការ៉ូ SH ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យបាននិយាយថា ការពិតខ្លួនគ្មានចេតនាសម្លាប់ជនរងគ្រោះនោះទេ ព្រោះនៅយប់ថ្ងៃកើតហេតុនោះ ខ្លួននិងជនរងគ្រោះបានរើសប៊ិច១ដើមនៅជិតធុងសំរាម ដោយមិនដឹងថា ជាប៊ិចកែច្នៃកាំភ្លើងនោះទេ ដោយនាំគ្នាយកមកមើល ហើយពេលនោះ ពួកគេទាំង២នាក់បានដណ្តើមប៊ិចគ្នាយកមកមើល ក៏ត្រូវចំគន្លឹះប៊ិច បណ្តាលឱ្យផ្ទុះចំជនរងគ្រោះដួលទៅលើដីបាត់ទៅហើយ ។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ធី ធាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការនៅកន្លែងលក់ការ៉ូយីហោSH មានស្រុកកំណើតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ៕
ដោយ៖ តុង សីហា